លោក សួស សងវាចារ ជាតារាចម្រៀងល្បីឈ្មោះម្នាក់ មានវ័យ៥២ឆ្នាំ បច្ចុប្បន្នកំពុង​សម្រាក​ក្នុង​លំ​នៅដ្ឋានមួយកន្លែង ស្ថិត​​នៅ​ភូមិ​ព្រៃ​ទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយលោកបានធ្លាក់ខ្លួនឈឺពិការមួយចំហៀងខ្លួនរយៈពេល៥ឆ្នាំហើយ ដោយសព្វថ្ងៃនេះគ្មានចំនូលផ្គត់ផ្គង់គ្រួសារ មានតែរបរលក់ដូរតិចតួចនៅមុខផ្ទះជាប់បំណុលធនាគារ មានកូនបីនាក់នៅក្នុង​បន្ទុកកំពុងសិក្សា។ ក្នុងនោះ លោក សួស សងវាចារ ក៏បានសំណូមពរឲ្យសម្តេចតេជោ ហ៊ុន​ សែន ជួយផ្តល់អាហារូបករណ៍ឲ្យកូនគាត់បានរៀនផង​ដែរ។

នេះយោងតាមហ្វេសប៊ុកផេក សិល្បករកម្ពុជា បានសរសេររៀបរាប់ថា៖ “សូមជួយស៊ែរផង អាណិតណាស់ តារាចំរៀង លោក សួស សងវាចារ ធ្លាក់ខ្លួនពិការមួយចំហៀងខ្លួនច្រៀងលែងកើតហើយ ។ លោកសង សងវាចារ និយាយទាំងទឹកមុខក្រៀមក្រំថា លោកពិតជាមានការអស់សង្ឃឹមណាស់ ព្រោះធ្វើអីមិនកើត គ្មានប្រាក់ចំនូល គ្មានលុយអោយកូនរៀន ជំពាក់លុយធនាគារ លោកមានតែផ្លូវមួយទេគឺសូមអោយ សម្តេចតេជោ ហ៊ុន សែន ផ្តល់អាហាររូបករណ៍អោយកូនគាត់បានរៀនផង”៕