ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវវិដេអូមួយបង្ហាញនូវសកម្មភាពដែលមិនគួរឲ្យកើតមាន ដោយក្រុមក្មេងស្ទាវចាប់ស្ទាក់ម៉ូតូនារី២នាក់ ព្រមទាំងបន្លំចាប់ថើបនៅទីសាធារណៈ។ ហេតុការណ៍នេះបានកើតឡើងនៅមណ្ឌលកំសាន្តទំនប់ទឹកត្នោតទេ ដែលស្ថិតក្នុងភូមិទ្រា ស្រុកសំរោង ខេត្តតាកែវ។

ក្នុងវីដេអូដែលបានចែកចាយយ៉ាងច្រើននោះត្រូវបានគេសង្កេតឃើញថា ហេតុការណ៍នេះអាចកើតឡើងនៅក្នុងថ្ងៃភ្ជុំបិណ្ឌ ដោយមានការឈររាំកម្សាន្តនៅទីនោះ ហើយក៏មានក្រុមក្មេងស្ទាវបានឈរចាំស្ទាក់ម៉ូតូដោយគេឃើញមាននារីៗ២រូបដែលធ្វើដំណើរឆ្លងកាត់នៅទីនោះ។ អ្វីដែលពិបាកភ្នែកបំផុតនោះគឺមានក្រុមក្មេងស្ទាវ បានរត់តាមម៉ូតូរួចស្ទាក់ចាប់ថើបនារីទាំង២រូបនៅលើម៉ូតូ ហើយនៅទីសាធារណៈពោរពេញដោយមនុស្សម្នានៅទីនោះ។ ក្រោយវីដេអូនេះត្រូវបានចែកចាយពេញបណ្តាញសង្គមមហាជនជាច្រើនបានធ្វើការរិះគន់យ៉ាងចាស់ដៃ ដោយមានការលើកឡើងថា ៖ “មើលវីដេអូនេះហើយ ខ្ញុំថប់ទ្រូងឈឺចិត្តស្ទើរបែក អស់កម្លាំងក្នុងខ្លួនមិនដឹងគួរនិយាយអ្វី… ឱ!ធនធានមនុស្ស យុវជនប្រុសស្រីនៃប្រទេសខ្ញុំអឺយ ហេតុអ្វីទៅជាបែបនេះអស់ហើយ ទាំងប្រុសទាំងស្រី ថាប្រុសចុះ… មានទាំងស្រីទៀត ហឹម”៕