កាលពីល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញនេះ តារាកំប្លែងជើងចាស់ លោក ធូ ចំរ៉ុង ហៅ នាយ សាន ម៉ៅ បានទទួលមរណភាពនៅឯប្រទេសថៃ ហើយសាកសពរបស់លោកពូត្រូវបានដឹកតាមរថយន្តឈ្មួលមកដល់ប្រទេសកម្ពុជាវិញនៅវេលាម៉ោង០៣ទៀបភ្លឺថ្ងៃទី០៣ ខែតុលា ដោយសាកសពបានតម្កល់នៅវត្តព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នៅរសៀលថ្ងៃទី០៣ ខែតុលា នេះ យើងសង្កេតឃើញមិត្តភក្តិសិល្បៈ ដែលជាក្រុមកំប្លែងជើងចាស់ជាច្រើន បាននាំគ្នាមកចូលរួមគោរពវិញ្ញាណក្ខន្ធរបស់លោកពូ សាន ម៉ៅ។

ក្នុងនោះមានដូចជាលោកឧកញ្ញ៉ា ទុំ សារុត, នាយកុយ, កាឆយ, លោកយាយ ណយ សំណាង, យាយ យយ, នាយក្រឹម ព្រមទាំងសិល្បករ សិល្បការិនីជាច្រើនទៀត។ អ្វីកាន់តែសង្វេគបំផុតនោះគឺ លោកយាយ ណយ សំណាង ដែលកំពុងតែមានសុខភាពទន់ខ្សោយនោះ បានរន្ធត់ចិត្តយំស្រក់ទឹកភ្នែកស្ទើរគាំង ដោយសារតែបាត់បង់មិត្តភក្តិចាស់ ដែលស្រលាញ់រាប់អានគ្នាតាំងពីយូរមកហើយ។ គួរបញ្ជាក់ផងដែរថា សពលោកពូ សាន ម៉ៅ នឹងត្រូវបូជានៅថ្ងៃសោរ៍ ទី០៥ ខែតុលា ឆ្នាំ ២០១៩ នៅវេលាម៉ោង ៤រសៀល នៅវត្តព្រែកប្រា សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕