កាលពីថ្មីៗនេះ ផ្ទុះការរិះគន់មួយពេញបណ្តាញសង្គមថៃ ក្រោយពេលដែលរឿងភាគទូរទស្សន៍ខ្មែរ “ពិសស្នេហ៍” របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ត្រូវបានរងការចោទប្រកាន់ថាបានលួចចម្លងរឿងពីរឿងល្បីរបស់របស់ថៃ “พิษสวาท”។ កាលពីថ្ងៃទី១៣ ខែតុលា ម្សិលមិញនេះមានការលើកឡើងប្រៀបធៀបមួយនៅក្នុងគេហទំព័រថៃ ក្រោយបានរកឃើញថារឿងភាគទូរទស្សន៍ “ពិសស្នេហ៍” របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ គឺមានឈុតឆាកដូចគ្នាបេះបិទទៅនឹងរឿងភាគថៃ “พิษสวาท” ដែលសម្តែងដោយនាង Nune Woranut និង Pong Nawat។ ខណៈដែលខ្សែភាពយន្តភាគខ្មែរគឺសម្តែងដោយ ព្រះកាយ​ច័ន្ទ, ទឹម រដ្ឋា និងលោក សូ ឆានី។

ប្រជាជនថៃបានដាក់ការចោទប្រកាន់ និងតិះដៀលធ្ងន់ៗថាសាច់រឿង “ពិសស្នេហ៍” គឺត្រូវបានលួចចម្លងពីរឿងថៃសុទ្ធសាធ និងសង្ស័យមិនបានទិញកម្មសិទ្ធិបញ្ញាយកមកផលិតឡើងវិញនោះឡើយ។ មតិមួយចំនួនទៀតបានរិះគន់ខំមិនថាបើទោះបីជាយកមកផលិតឡើងវិញ តែគុណភាពគឺមិនអាចប្រៀបនឹងម្ចាស់ដើមបន្តិចសោះឡើយ។ យ៉ាងណាមិញយើងរង់ចាំតាមដានការបកស្រាយរបស់ផលិតករ និងអ្នកដឹកនាំរឿងពិសស្នេហ៍ទាំងអស់គ្នាថា តើមូលហេតុអ្វីឲ្យពិតប្រាកដ៕ ប្រភព៖ kapook