ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមដោយផ្ទុះការរិះគន់ពីសំណាក់ប្រជាជនថៃយ៉ាងចាស់ដៃ ដោយចោទប្រកាន់ថារឿង “ពិសស្នេហ៍” របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ លួចចម្លងរឿង “พิษสวาท” របស់ស្ថានីយទូរទស្សន៍ one31។ មកទល់ពេលនេះស្ថានីយទូរទស្សន៍ខេមរៈភូមិន្ទប៉ុស្តិ៍លេខ៥ ក៏មិនទាន់មានការបកស្រាយឲ្យច្បាស់លាស់ថា ក្រុមការងារយកភាពយន្តនេះមកថតមានការទិញសិទ្ធ ឬក៏យ៉ាងណា។

ក្នុងនោះផងដែលក៏មានអ្នកនិពន្ធរឿងជើងចាស់មួយរូបគឺលោក នួន សង្វាត ដែលមានគណនីហ្វេសប៊ុកឈ្មោះ លោកកវី អត់ក្រឹត្យ បានឲ្យដឹងថាលោកធ្លាប់ទាក់ទងទៅខាងប៉ុស្តិ៍លេខ៥ ដើម្បីដាក់រឿងភាគរបស់លោក តែគេមិន​យក​ គេយកតែរឿងថៃមកបកដើម្បីថតឡើងវិញប៉ុណ្ណោះ។ ដោយលោកបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ខ្ញុំក៏ធ្លាប់ទាក់ទងទៅខាងប៉ុស្តិ៍ខ្មែរមួយហ្នឹងដើម្បីដាក់រឿងភាគមួយរបស់ខ្ញុំដែរ ប៉ុន្តែត្រូវអ្នកការងារនៅទីនោះប្រាប់មកវិញថា គេមិន​យក​រឿងខ្មែរទេ ព្រោះអ្នកដឹកនាំនៅទីនោះជាជនជាតិថៃ ដូចនេះគេយកតែរឿងថៃមកបកដើម្បីថតឡើងវិញប៉ុណ្ណោះ។ ដូចនេះរឿងនេះវាអត់មានចម្លែកទេ ដែលជនជាតិថៃទើបតែភ្ញាក់​ផ្អើលរឿង​ទូរទស្សន៍​ខ្មែរមួយយក Scripts រឿងថៃមកឲ្យខ្មែរថតឡើងវិញនោះ វាមិន​ខុសអីទេ បើសិនជាម្ចាស់ដើមខាងថៃគេព្រមឲ្យយើងចម្លង​មែន! តែអ្វីដែលសំខាន់ តើគុណភាពយើងអាចទៅរួចជាមួយគេឬអត់? តែក៏សុំចិត្ត បើជាប៉ុស្តិ៍នៅស្រុកយើងគួរតែជម្រុញរឿងរបស់ខ្មែរខ្លះ​ទៅហ្អី? តែសំខាន់ក្រសួងយើង អនុញ្ញាតដែរហ្នុងណា៎…​ទ្រាំធ្វើអន់ទៀតទៅន៎ !! អរគុណបងឆាយ បូរ៉ាផង ដែលមានតែគាត់ម្នាក់គត់បានឆ្លើយតបទៅជនជាតិថៃរូបនេះ”៕