ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមដោយផ្ទុះការរិះគន់ពីសំណាក់ប្រជាជនថៃយ៉ាងចាស់ដៃ ដោយចោទប្រកាន់ថារឿង “ពិសស្នេហ៍” របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ លួចចម្លងរឿង “พิษสวาท” របស់ស្ថានីយទូរទស្សន៍ one31។ មកទល់ពេលនេះស្ថានីយទូរទស្សន៍ខេមរៈភូមិន្ទប៉ុស្តិ៍លេខ៥ ក៏មិនទាន់មានការបកស្រាយឲ្យច្បាស់លាស់ថា ក្រុមការងារយកភាពយន្តនេះមកថតមានការទិញសិទ្ធ ឬក៏យ៉ាងណា។​ ក្នុងនោះ លោក គួច ខេវិន អ្នកផលិតកម្មវិធី​ទូរទសុ្សន៍ល្បីឈ្មោះ ក៏បានប្រតិកម្មមិនពេញចិត្តចំពោះស្ថានីយទូរទស្សន៍ខេមរៈភូមិន្ទប៉ុស្តិ៍លេខ៥ ដែលចូលចិត្តតែរឿងថៃមកបកដើម្បីថតឡើងវិញ រហូតដល់មានការចោទប្រកាន់ថាបានលួចរឿងដ៏ល្បីនេះមកថតឡើងវិញជាខ្មែរ។ ដោយលោក គួច ខេវិន ក៏បានរិះគន់ដល់ក្រសួងវប្បធម៌ ដោយចោទជាសំណួរថាតេីក្រសួងវប្បធម៌ខ្មែរ បានចាប់អារម្មណ៌​ដែរ ឬអត់ ឬកំពុងសំងំដេកមិនទាន់មានអ្នកដាស់? ខាងក្រោមនេះជាការបង្ហោះរបស់លោក គួច ខេវិន ដោយលោកបានសរសេររៀបរាប់ថា៖

“សូម្បីតែកូនក្មេងបៀមដៃ មិនចេះស្លៀកខោក៏វាដឹង ដែរថា​ ខ្សែភាពយន្ត​ Drama​ របស់ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ ដែលបាននឹងកំពុងថតនិងចាក់ផ្សាយយ៉ាងត្រដាបត្រដួស គឺ ដឹកនាំដោយជនជាតិសៀម ទាំងសាច់រឿង​ ទាំងពាក្យពេជន៍​ ទាំងការតុបតែងតួ និង ទាំងការតាក់តែងឆាក គឺសុទ្ធតែត្រូវបាន​ Copy​ Paste​ ទាំងស្រុង​ពីភាពយន្តសៀម ហើយធ្វើការចាក់ផ្សាយ រហូតមកដល់ពេលនេះ។ ហេតុអីបានជា ពួកសៀមបែរជានិយាយថាខ្មែរពូកែ Copy​ ពីពួកវាទៅវិញ? ការពិតគឺពួកវាលួចចម្លងគ្នាវាហើយមកដៀលខ្មែរ។ តេីក្រសួងវប្បធម៌ខ្មែរ បានចាប់អារម្មណ៌​ដែរ ឬអត់ ឬកំពុងសំងំដេកមិនទាន់មានអ្នកដាស់។ ប៉ុន្តែមិនពិបាកឆ្ងល់ទេ មនុស្សដេកលក់ងាយដាស់ តែពិបាកណាស់មនុស្សធ្វើពុតជាដេក គឺមិនងាយដាស់ ទោះជាធាក់ទម្លាក់គ្រែ ក៏វាមិនរលឹកដែរ។ ឆ្កែស៊ីបាយសោះ តែបែរជាមកលាបមាត់ពពែ? អស់លោក ឯកឧត្តម លោកជំទាវណាអើយ!!! ដែលចេះកិច្ចការវប្បធម៍ ល្មមយកឈើចាក់ធ្មេញ មកទល់ភ្នែកក្រឡេកមើលខ្លះផង កុំឲ្យថោកពូជខ្មែរ ពូជសាងអង្គរទុកឲ្យគេប្លន់ហើយថារបស់ដូនតាពួកវា រួចមកប្រមាថម្ចាស់យ៉ាងដូច្នេះ???”៕