មួយរយៈចុងក្រោយនេះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកហាក់មានការជជែកវែកញែក និងចែកចាយតៗគ្នាជាច្រើន ដែលនិយាយទាក់ទងនឹងករណីរបស់អ្នកនាង ចោម ខ្វាន់ ថាបានលក់កាបូបក្លែងក្លាយមានតម្លៃរហូតដល់រាប់ពាន់ដុល្លារទៅឲ្យភ្ញៀវ ដែលរស់នៅក្រៅប្រទេស ហើយនៅពេលភ្ញៀវសុំដូរវិញ តម្រូវឲ្យកាត់ខាតដល់ភ្ញៀវចំនួន៣០%ឯណោះ។

ជុំវិញករណីនេះផងដែរ នៅប៉ុន្មាននាទីមុននេះ អ្នកនាង ចោម ខ្វាន់ បានធ្វើការបង្ហោះវីដេអូសុំទោសជាសាធារណៈនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាងផ្ទាល់ ដោយអ្នកនាងបាននិយាយថា ប្រសិនបើពុកម៉ែបងប្អូន ដែលបានទិញកាបូបរបស់អ្នកនាងយកទៅហើយមិនពេញចិត្ត អាចធ្វើការដូរយកលុយវិញបាន ដោយមិនមានការខាតបង់ឡើយ ហើយរយៈពេលនៃការដូរគឺចាប់ពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី១៧ ខែតុលានេះ។ គួរបញ្ជាក់ផងដែរថា កាលពីយប់ម្សិលមិញនេះ លោក ផែង វណ្ណៈ ក៏បានសង្កត់ធ្ងន់អោយអ្នកនាង ចោម ខ្វាន់ ធ្វើការដោះស្រាយរឿងលក់កាបូបក្លែងក្លាយនេះជាបន្ទាន់ និងបញ្ឈប់សកម្មភាពតេគម្រាមកំហែងដល់អតិថិជន ដោយយកឈ្មោះមន្ត្រីធំៗ មកធ្វើជាខ្នងបង្អែកឡើយ៕