ករណីរបស់អ្នកនាង ចោម ខ្វាន់ បានលក់កាបូបក្លែងក្លាយមានតម្លៃរហូតដល់រាប់ពាន់ដុល្លារទៅឲ្យភ្ញៀវ ដែលរស់នៅក្រៅប្រទេស ហើយនៅពេលភ្ញៀវសុំដូរវិញ តម្រូវឲ្យកាត់ខាតដល់ភ្ញៀវចំនួន៣០% ត្រូវបានបងប្អូនប្រជាពលរដ្ឋ ដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុក បាននិយាយតៗគ្នាជាច្រើននៅលើបណ្តាញសង្គម។ ទាក់ទងនឹងករណីនេះ អ្នកនាង ចោម ខ្វាន់ ក៏បានធ្វើការបង្ហោះវីដេអូសុំទោសជាសាធារណៈនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាងផ្ទាល់ផងដែរ។

ហើយអ្នកនាងបានប្រកាសដល់ភ្ញៀវទាំងអស់ ដែលបានទិញកាបូបនាងយកទៅហើយមិនពេញចិត្ត អាចធ្វើការដូរយកលុយវិញបាន ដោយមិនមានការខាតបង់អ្វីឡើយ។ ក្នុងនោះផងដែរ យើងសង្កេតឃើញ អ្នកនាង ចោម ច័ន្ទ ដែលត្រូវជាបងប្អូនរបស់អ្នកនាង ចោម ខ្វាន់ បានបង្ហោះសារនៅលើបណ្តាញសង្គមផ្ទាល់របស់អ្នកនាងទាក់ទងនឹងបញ្ហានេះផងដែរថា “និយាយគ្នាទៅបងប្អូនអេីយយេីងជាខ្មែរដូចគ្នា មោពីចែនិងពូកែជេរពេកបានគេស្អប់ ភ្ញៀវណាចង់ប្តូរគឺប្តូរជូន”៕