កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior វគ្គ Judge Audition បានឈានមកដល់សប្ដាហ៍ទី២ហើយ មានកុមារា កុមារី ជាច្រើនបានមកប្រកួតប្រជែងដោយពួកគេមានភាពក្លាហាន បកស្រាយបទចម្រៀង និងមានភាពវៃឆ្លាតគួរឲ្យស្រលាញ់។ ជាពិសេសកម្មវិធីប្រឡងចម្រៀងកុមារដ៏ថ្មីសន្លាងមួយនេះមានការចូលរួមពីកំពូលតារាចម្រៀងលំដាប់កំពូល៣រូប មកធ្វើជាគណៈកម្មការផងដែរមានដូចជាលោក ព្រាប សុវត្ថិ លោក ឆន សុវណ្ណរាជ និងអ្នកនាង សុខ ស្រីនាង។

ជាការពិតក្នុងនោះក៏មកមើលកុមារីឈ្មោះ សឿន ស្រីពេជ្រ អាយុ១២ឆ្នាំ មកពីរាជធានីភ្នំពេញ បកស្រាយបទចម្រៀង “ អាគីមិត្តខ្ញុំត” ដោយបទចម្រៀងនេះជាសំនៀងដើមរបស់អ្នកនាង ឱក សុគន្ធកញ្ញា។ អាយុទើបតែ១២ឆ្នាំទេ ប៉ុន្តែកុមារីរូបនេះបានបកស្រាយបទចម្រៀងពោរពេញដោយភាពក្រមិចក្រមើម ជាពិសេសថែមទាំងបានហៅគណៈកម្មការទាំង៣ ឡើងមករាំជាមួយថែមទៀតផង ដោយបានបកស្រាយបទ “នំបញ្ជុកព្រាបសុវត្ថិ” និងច្រៀងឆ្លើយឆ្លងជាមួយនឹងលោក ឆន សុវណ្ណរាជ ដោយភាពក្លាហាន។ ដូច្នេះហើយ សឿន ស្រីពេជ្រ ទទួលបាន “YES” ដល់ទៅ៣ពីគ​ណៈកម្មការនឹងបន្តវត្តមានក្នុងការប្រកួតប្រជែង៕