ករណីចាប់រថយន្តទំនើប Lexus RX330 មួយគ្រឿងដែលអត់ពន្ធ ដោយកំលាំងសមត្ថកិច្ចអាវុធហត្ថខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ បានក្លាយជារឿងដ៏រសើបមួយនៅលើបណ្តាញសង្គម Facebook ជាមួយការជម្រិតទារប្រាក់ពីម្ចាស់ឡានអត់ពន្ធចំនួន $5000 ជាថ្នូរដោះលែងទាំងរថយន្ត និងមនុស្សអោយមានសេរីភាពឡើងវិញ ពីសំណាក់លោក លឹម ហាក់ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង។

ការប្រព្រឹត្តអំពើរពុករលួយរបស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង គឺលោក លឹម ហាក់ ត្រូវបានបែកធ្លាយវិដេអូមួយខ្សែដែលមានសំលេងចរចារតថ្លៃគ្នា មកត្រឹម $3500 ដោយម្ចាស់ឡានអះអាងថា ជាមន្ត្រីរាជការដូចគ្នា និងស្គាល់គ្នាជាមួយលោក លឹម ហាក់ ថែមទៀត ប៉ុន្តែមិនត្រូវគ្នាឡើយ ដោយតម្រូវបានប្រាក់ $5000 ទើបដោះលែង។ ក្រោយការសម្របសម្រួលមិនត្រូវថ្លៃគ្នា ក្រុមគ្រួសារម្ចាស់ឡានអត់ពន្ធ ក៏បានយកប្រាក់ $5000 មកប្រគល់ជូនលោក លឹម លន ហៅ ឡុង ដែលគេស្គាល់ថាជាមនុស្សជំនិតរបស់លោក លឹម ហាក់។

ក្នុងនោះដែរលោក ផែង វណ្ណៈ ក៏បានបង្ហោះវិដេអូមួយខ្សែនោះ ព្រមជាមួយសារនៅលើ Facebook ថា៖ “សម្លេង​តថ្លៃ​គ្នារវាងសម្ថកិច្ច​ប៉េអ៉ឹមខេត្តកំពង់ឆ្នាំ​ និង​ ម្ចាស់​រថយន្ត​អត់ពន្ធ​ ។ លោក​ លឹម​ ហាក់​ ទារ​ ៥០០០​ ដុល្លារ​ ម្ចាស់​រថយន្ត​ តថ្លៃ​អោយ​ ៣៥០០​ ដុល្លារ​ ។ ខាង​ ប៉េអ៉ឹមមិនព្រម​ យកទៅឃុំខ្លួនបន្ត​ ។ ទាល់តែធ្លាក់​ ៥០០០​ ដុល្លារ​ ទេីបដោះលែង​ ។ កេីតហេតុថ្ងៃទី​ ២៨​ កញ្ញា​ ឆ្នាំ​ ២០១៩”៕