ថ្មីៗនេះករណី មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយកំលាំងសមត្ថកិច្ចអាវុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វើការចាប់រថយន្តទំនើប Lexus RX330 មួយគ្រឿងដែលអត់ពន្ធ ហើយបានជំរិតទារប្រាក់ពីម្ចាស់ឡាននោះចំនួន $៥០០០ ជាថ្នូរនឹងការដោះលែងទាំងរថយន្ត និងមនុស្ស។ ទាក់ទងនឹងករណីនេះផងដែរ លោក ផែង វណ្ណៈ ក៏បានធ្វើការបញ្ជាក់យ៉ាងលំអិតពីបញ្ហានេះនៅលើបណ្តាញសង្គមរបស់លោកដូច្នេះថា”

“ករណី​ប៉េអ៉ឹមខេត្តកំពង់ឆ្នាំ​ង​ ចាប់ឡាន​អត់ពន្ធ​ នៅថ្ងៃទី​ ២៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៩​ គឺជាការចុះចាប់ដេីម្បីជំរិតយកលុយសុទ្ធសាធ​ ព្រោះ​ថា​ខាង​ សមត្ថកិច្ច​គយ​ ក៏មិនដឹង​ ខាង​ព្រះរាជ​អាជ្ញា​អមសាលាដំបូង​ ខេត្ត​កំពង់​ឆ្នាំង​ ក៏មិនដឹង​ ។ មុននេះ​បន្តិច​ ខ្ញុំបានទូរស័ព្ទ​សួរទៅ​ លោក​ ទិត្យ​ វឌ្ឍនៈ​ ព្រះរាជ​អាជ្ញា​អមសាលាដំបូង​ខេត្ត​កំពង់​ឆ្នាំង​ លោកព្រះរាជអាជ្ញា​ប្រាប់​ថា​ លោកមិនបានដឹងរឿងនេះទេ​ លោកទេីបតែដឹងពេល​ព័ត៌មាន​ផ្សាយតែប៉ុណ្ណោះ​ ។ ចំណែក​លោក​ ហ៊ាល​ ទូច​ មេគយខេត្តកំពង់ឆ្នាំង​ ក៏បានបញ្ជាក់ប្រាប់ខ្ញុំតាម​ទូរស័ព្ទ​ថា​ លោកមិនបាន​ដឹងរឿងនេះទេ​ ហេីយខាង​ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង​ ក៏មិនបានមកសហការជាមួយសមត្ថកិច្ចគយដែរ​ ។

តេីមន្ត្រីអាវុធហត្ថ​ ខេត្ត​កំពង់​ឆ្នាំង​ ឈ្មោះ​ លឹម​ ហាក់​ ចុះចាប់​ រថយន្ដ​អត់ពន្ធ​នេះ​ តាមបញ្ជាអ្នកណា​ ? អ្នកណាបញ្ជាអោយយកលុយចំនួន​ ៥០០០​ ដុល្លារ​ ពីម្ចាស់ឡានអត់ពន្ធ​ ? តេីនេះមិនមែនជាការចាប់ជំរិតទេឬ​ ? អ្វី​ដែល​ហួសចិត្តនោះ​ គឺបន្ទាប់ពីបានលុយ​ ៥០០០​ ដុល្លារ​ ហេីយ​ មន្ត្រី​កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង​ បានដោះលែងម្ចាស់ឡាន​ និង​ ឡានវិញ​ ។ ប៉ុន្ដែ​ មន្ត្រី​អាវុធ​ហត្ថ​ខេត្ត​កំពង់​ឆ្នាំង​ឈ្មោះ​ ម៉ៅ​ បានតាមទិញរថយន្ត​ Luxus RX 330 អត់ពន្ធ​នោះពី​ ម្ចាស់​រថយន្ត​យកមកប្រេីបន្ត​ ។

ពេល​នេះ​ ម្ចាស់​រថយន្ត​ កំពុង​រៀបចំពាក្យបណ្ដឹង​ប្ដឹងទៅ​ ព្រះរាជ​អាជ្ញា​អមសាលាដំបូង​ខេត្ត​កំពង់​ឆ្នាំង​ ១​ ច្បាប់​ ប្ដឹងទៅ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ មួយច្បាប់​ ។ ទង្វើ​អាក្រក់​របស់​មន្ត្រី​អាវុធ​ហត្ថ​ខាងលេី​ ធ្វើ​អោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថាប័នកងរាជអាវុធហត្ថ​ សូមថ្នាក់ដឹកនាំកងរាជអាវុធហត្ថលេីផ្ទៃប្រទេស​ ជាពិសេស​ ឯកឧត្តម​នាយឧត្ដមសេនីយ៍​ សៅ​ សុខា​ ដែល​ជាថ្នាក់ដឹកនាំស្អាតស្អំមេត្តា​ចាត់​វិធានការណ៍​ចំពោះមន្ត្រីខិលខូចខាងលេីផង​”៕