ជារឿងមួយគួរឲ្យសោកស្តាយដោយកាលពីពេលថ្មីៗនេះមានករណីបុរសម្នាក់ប្រើថ្នាំសម្រកទម្ងន់ និងហាត់ប្រាណមិនបានត្រឹមត្រូវ ស្រាប់តែគាំងបេះដូងស្លាប់យ៉ាងអាណោចអាធ័ម។ នេះបើយោងតាមការបង្ហោះរបស់តារាសម្តែងលោក Sool Cool បានបង្ហាញពីការសោកស្តាយចំពោះការស្លាប់របស់ក្មួយប្រុសរបស់ខ្លួន ដោយលោកបានសរសេរសារយ៉ាងដូច្នេះថា៖ “លទ្ធផលមិនហាត់ប្រាណហើយប្រើថ្នាំសម្រកអត់សួរគូ អត់សួររបៀបថែខ្លួន អត់សួរបែរជាធ្វើអីតាមចិត្ត។ ចឹងបានថាអ្នកចង់សម្រកប្រយ័ត្នទៅទៀត ទោះចង់ហាត់ប្រាណក៏ត្រូវរកគ្រូបង្រៀនអោយបានត្រឹមត្រូវ មិនត្រូវចង់ស្អាតហួសចឹងទេ។ អ្នកធាត់ៗល្មមដឹងខ្លួនហើយ កុំបណ្តោយទៀត។ ទៅចុះក្មួយ ទៅអោយបានសុខណាក្មួយសំលាញ់ លារហូតហើយ RIP Tol Smart boy”។

ក្រោយពីតារាសម្តែង Sool Cool បានប្រកាសពីដំណឹងមរណភាពរបស់ក្មួយប្រុសខ្លួន មានមហាជនជាច្រើនបានបង្ហាញពីការសោកស្តាយ និងមិនគួរឲ្យជឿនូវដំណឹងមរណភាពនេះ។ យ៉ាងណានេះជាមេរៀន និងជាបទពិសោធន៍សម្រាប់អ្នកតមហួសកំណត់ លេបថ្នាំមិនត្រឹមត្រូវ ហាត់ប្រាណពុំត្រូវស្តង់ដា សូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់៕