បាត់ដំបង បានត្រៀមរៀបចំនូវពិធីបុណ្យអុំទូកដែលកាន់ខិតជិតចូលមកដល់នៅថ្ងៃខាងមុខឆាប់ៗនេះ។ ដោយ គណៈកម្មការរៀបចំកម្មវិធីបុណ្យអ៊ុំទូក និងបណ្តែតប្រទីប ខេត្តបាត់ដំបង បានកំពុងត្រៀមរៀបចំប្រារព្ធពិធីបុណ្យអ៊ុំទូក និងបណ្តែតប្រទីប ខេត្តបាត់ដំបងឆ្នាំ២០១៩ លើកទី១៩ នៅថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០១៩ ដែលទីតាំងស្ថិតនៅបណ្តោយស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចាប់ពីស្ពានសម្តេច ហ៊ុនសែន រហូតដល់ស្ពានថ្មថ្មី។

ជាពិសេសពិធីនេះក៏មានការដាក់តាំងនូវពិព័ណ៌ផលិតផល ប្រមាណ៣០០ស្តង់ រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី០៩-១៣ ខែតុលា និងមានការប្រគំុតន្ត្រីខ្នាតយក្ស នៅក្នុងទីធ្លាសួនច្បារសាធារណៈ(ចំណុចដើមពោធិនាគបាញ់ទឹក) និងមានអុជកាំជ្រួច បណ្តែតប្រទីបនៅតាមដងស្ទឹងសង្កែ បង្ហោះគោម និងបង្ហោះឆាត់យន្តផងដែរ។ដើម្បីបម្រើដល់ការកំសាន្តរបស់ប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ ដែលបានឆ្លងកាត់ចូលមកកំសាន្តនិងកំពុងស្នាក់ នៅក្នុងខេត្តបាត់ដំបងផងដែរ។ ហើយបើក្រឡេកមកមើលពីទិដ្ឋភាពនាពេលរាត្រី នៃការរៀបចំត្រៀមអបអរសាទរក្នុងកម្មពិធីបុណ្យអុំទូក និងបណ្តែតប្រទីប ខេត្តបាត់ដំបងឆ្នាំ ២០១៩ នេះវិញ គឺឃើញថាស្អាតខ្លាំង ប្រកបដោយមានភ្លើងពណ៌ចម្រុះពណ៌ រំលេចតាមដងស្ទឹងគួរឱ្យចង់គយគន់តែម្តង ឃើញភ្លាមចង់ទៅភ្លែត។​

អ្វីដែលកាន់តែពិសេសនោះការប្រគំុតន្ត្រីខ្នាតយក្ស មានតារាចម្រៀង Original Song ល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនដួងរួមមានលោក G-devith លោក នីកូ ក្រុមក្មេងខ្មែរ កញ្ញា ចិត្ត កញ្ចនា កញ្ញា ទេព បូព្រឹក្ស លោក វណ្ណដា និងតារាចម្រៀងល្បីៗជាច្រើនរូបទៀត បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រគុំតន្ត្រីដ៏ពិសេសរយៈពេល៣ថ្ងៃនេះ។ សូមកុំភ្លេចអញ្ចើញទៅចូលរួម ពិធីបុណ្យអ៊ុំទូក និងបណ្តែតប្រទីបខេត្តបាត់ដំបងឆ្នាំ២០១៩ ឲ្យបានច្រើនកុះករ ពិសេសប្រជាពលរដ្ឋតាមបណ្តារាជធានីខេត្ត ដើម្បីគាំទ្រពិធីបុណ្យអុំទូក និងទទួលបានភាពសប្បាយរីករាយ៕