ក្រោយពីរៀបអាពាហ៍ពិពាហ៍ក្រោមការអបអរពីសំណាក់សាច់ញាតិ មិត្តរួមអាជីព និងអ្នកគាំទ្រ ប្អូនប្រុសម្ចាស់ផលិតកម្មហង្សមាសលោក អ៉ឹង សុខលី និងកំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា គេសង្កេតឃើញថាអ្នកទាំងពីរបានបង្ហាញភាពផ្អែមល្ហែម ដោយការទៅក្រេបទឹកឃ្មុំនៅក្រៅប្រទេស និងជាពិសេសអ្នកទាំងបានដឹកដៃគ្នាចូលរួមកម្មវិធីធំៗជាច្រើន ហើយឱក សុគន្ធកញ្ញា កាន់តែត្រូវប៉ាន់ក្លាយជាអ្នកផ្សព្វផ្សាយផលិតផលទាំងកំពុងតែពរពោះកូនក្នុងផ្ទៃ។

យ៉ាងណាមិញថ្មីៗនេះឱក សុគន្ធកញ្ញា ព្រមទាំងស្វាមី បាននាំគ្នាទៅដល់ប្រទេសថៃដើម្បីធ្វើការពិនិត្យផ្ទៃពោះកូនក្នុងផ្ទៃ ដោយអ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះ​លទ្ធផល​ឆ្លុះ​អេកូនៅ​មន្ទីរពេទ្យ​ ដោយបង្ហាញនូវមុខមាត់របស់កូនប្រុសរបស់អ្នកនាង​ ដោយឱក សុគន្ធកញ្ញា បានសរសេរសារយ៉ាងខ្លីថា៖ “មកមើលមុខកូនប្រុស! ពេលនេះ​គាត់មានសុខភាពល្អ Mommy and daddy are waiting for you baby #charlie #aoksokunkanha #LKbaby”។ សូមបញ្ជាក់ថាពេលនេះឱក​ សុគន្ធកញ្ញា បានពរពោះកូនក្នុងផ្ទៃបានប្រហែលជា៧ខែហើយ ដោយអ្នកនាង និងលោក អ៊ឹង សុខលី បានដាក់ឈ្មោះ កូនថា «ឆលី» ដែលមានពាក្យ «លី» ដូចឈ្មោះស្វាមី៕