បទពិសោធន៍ជីវិតរបស់ប្អូនប្រុសម្នាក់ដែលជាសិស្សនិទ្ទេសមកពីខេត្តសៀមរាប ធ្លាប់តែមានប្រវត្តិគេចសាលាមិនចូលរៀន ហើយក៏ទទួលបានការមើលងាយពីអ្នកដទៃជាលើកដំបូងផងដែរ គ្រាដែលកាលណោះប្អូនប្រុសទើបរៀននៅថ្នាក់ទី៩នៅឡើយ។ ដំណើរជីវិតនិងការសិក្សាររបស់ប្អូនប្រុស ឆៃ សុងគីម បានផ្លាស់ប្តូរនៅពេលដែលប្អូនទទួលបានមើលងាយជាបន្តបន្ទាប់ ហើយប្អូនក៏មានការតាំងចិត្ត នៅពេលរៀនថ្នាក់ទី១១។

រយៈពេលមួយឆ្នាំប្អូនប្រុស សុងគីម បានតស៊ូរៀនឡើងវិញចាប់ពីចំណុចសូន្យទាំងគ្មានគ្រឹះ រហូតដល់ខែមិនា ឆ្នាំ២០១៩ ប្អូនប្រុសបានប្រឡងសិស្សពូកែអូឡាំព្យាតគណិតវិទ្យាអាសុីប៉ាសុីភិច(APMO)ទទួលបានមេដាយកិត្តិយសសម្រាប់កម្ពុជា។ ដើម្បីជ្រាបច្បាស់សូមអានប្រវត្តិការសិក្សារបស់ប្អូន សុងគីម នៅខាងក្រោម៖

“ថ្នាក់ទី៧: ចាប់ផ្តើមបោះបង់ការរៀនសូត្រ ថ្នាក់ទី៨: ចេះគេចសាលាទៅលេងបាល់ (១ថ្ងៃគេច៣ម៉ោងយ៉ាងតិច) ថ្នាក់ទី៩: ស្ទើរតែលែងស្គាល់សាលារៀន! ទទួលការមើលងាយលើកដំបូង ថ្នាក់ទី១០: ប្តូរសាលារៀន តែនៅតែដើរលេងមិនចូលរៀន នៅតែទទួលបានការមើលងាយ ថ្នាក់ទី១១: សីហា ២០១៨ចាប់ផ្តើមរៀនគណិតវិទ្យាថ្នាក់ទី១២ទាំងគ្មានគ្រឹះ ២៣ មេសា ២០១៨ ចូលរួមការប្រកួតលើកដំបូង SASMO។ កក្កដា ២០១៨ ចូលរួមការប្រឡងអន្តរជាតិលើកដំបូង SIMOC នៅប្រទេសសឹង្ហបុរី ហើយក៏ជាពេលដែលសោកស្តាយឱកាសដ៏ល្អខ្លាំងបំផុត

៣០ កញ្ញា ២០១៨ ចូលរួមតេស្តគណិតវិទ្យា Suken តែនៅតែមិនជោគជ័យ តុលា ២០១៨ ប្តេជ្ញាថានឹងដណ្តើមយកលទ្ធផលល្អនាថ្នាក់ទី១២ វិច្ឆិកា ២០១៨ នៅខ្វះ៣ខែមុនប្រឡងជ្រើសរើសសិស្ស ពូកែទូទាំងខេត្ត ទើបចាប់ផ្តើមរៀនពីលំហាត់សិស្សពូកែពីចំណុច០ដោយខ្លួនឯង ដោយធ្លាប់មានគ្រូបង្ហាញទិសខ្លះៗ( ១៣ក្បាលក្នុងរយះពេល3ខែ) ថ្នាក់ទី១២: កុម្ភៈ ២០១៩ ប្រឡងសិស្សពូកែទូទាំងខេត្តផ្នែកគណិតវិទ្យាទទួលបានចំណាត់ថ្នាក់លេខ៣ មីនា ២០១៩ ប្រឡងសិស្សពូកែអូឡាំព្យាតគណិតវិទ្យាអាសុីប៉ាសុីភិច(APMO)ទទួលបានមេដាយកិត្តិយសសម្រាប់កម្ពុជា មេសា ២០១៩ ប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ជាតិផ្នែកគណិតវិទ្យាទទួលបានចំណាត់ថ្នាក់លេខ២០ ទូទាំងប្រទេស បន្ទាប់ពីការប្រកួតប្រជែង នៅសល់១១៦ថ្ងៃមុនការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិតែនៅស្ទើរគ្រប់មុខ មិថុនា ២០១៩(២ខែបន្ទាប់ពីការប្រកួតប្រជែង) រួចរាល់ស្ទើរគ្រប់មុខ ១៩ សីហា ២០១៩ ប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ទទួលបាននិទ្ទេសល្អប្រសើរ(A) ជាល្បែងចុងក្រោយនៃជីវិតវិទ្យាល័យ ទន្ទឹមនឹងលទ្ធផលនេះសូមអរគុណរាល់ការជឿជាក់លើខ្ញុំ ជាពិសេសសូមចែករំលែកសមិទ្ធផលទាំងឡាយដល់លោកគ្រូ Vannarith Ngauv ដែលបានកែប្រែនិង លើកទឹកចិត្តដល់ខ្ញុំពីក្មេងដែលគ្មានចំណេះសោះពីថ្នាក់ទី១១ ឲ្យពេលដួលចេះងើបរហូតទទួលបានលទ្ធផលនេះ។ ខ្ញុំគ្រាន់តែចង់គេចវេសពីការមើលងាយតែប៉ុណ្ណោះ តែមិននឹកស្មានថាមកដល់ឆ្ងាយបែបនេះទាល់តែសោះ។”