មនុស្សយើងម្នាក់ៗតែងតែចង់បានរបស់ល្អប្រើប្រាស់ ប៉ុន្តែពេលខ្លះមិនគួរណាចំណាយប្រាក់ស្ទើរអស់ពីខ្លួនដើម្បីរបស់ក្រៅខ្លួនទាំងនោះឡើយ ជាក់ស្តែងម្ចាស់ហាងលក់មាសលក់ពេជ្រយីហោ ដាណា ក៏បានចែករំលែងនូវអ្វីដែលគាត់មានក៏ដូចជា ការគ្រប់គ្រង់លុយរបស់គាត់។ អ្នកស្រី ទ្រី ដាណា ដែលគេស្គាល់ថាជាម្ចាស់ហាងពេជ្រ ដាណា និងជាម្ចាស់ក្រុមហ៊ុនគ្រឿងសំអាង NNP បានចែករំលែកនូវបទពិសោធន៍របស់អ្នកស្រីថា៖

“កាបូបខ្ញុំ ២នេះ អាពណ៌លឿង ១៨ដុល្លារ អាពណ៌ត្នោត ២៥ដុល្លារ ប្រើរាប់ឆ្នាំហើយ។ ខ្ញុំមិនដែលមានអារម្មណ៍ថាអន់ មិនដែលចង់ប្រើរបស់ថ្លៃ របស់ប្រេនអីទេ ព្រោះគិតថាតម្លៃមនុស្សមិនមែនស្ថិតនៅលើសម្ភារៈប្រើប្រាស់ជាប់ខ្លួន តែខ្ញុំក៏មិនប្រើរបស់ក្លែងក្លាយបន្លំម៉ាកគេដែរ។ ខ្ញុំក៏ដូចបងប្អូនដែរ កាលមិនទាន់មានអីជាប់ខ្លួនសោះ ចេះតែអង្គុយគិតថា បើមានកាបូបតម្លៃមួយពាន់ដុល្លារយួរ បើមានខោអាវតម្លៃ ២០០ដុល្លារ ៣០០ដុល្លារជាប់ខ្លួន មិនដឹងថាគេមើលមកឡូយប៉ុណ្ណា។ ប៉ុន្តែពេលដែលមានលុយគ្រប់គ្រាន់សម្រាប់ទិញវា ខ្ញុំបែរជាគិតផ្សេង គិតថាកាបូបតម្លៃប៉ុណ្ណាមិនសំខាន់ សំខាន់មានលុយនៅក្នុងនោះអត់។

តាមពិតទៅ មានតែយើងខ្លួនឯងទេ ដែលដឹងពីខ្លួនឯង ហើយក៏គ្មានអ្នកណាមកវាយតម្លៃយើងដែរ មកពីយើងចេះតែគិតខ្លួនឯង។ ពេលអ្នកកាន់កាបូបតម្លៃ ១០០០ដុល្លារ ហើយមានលុយតែ ២០ដុល្លារក្នុងនោះ អ្នកពិតជាមានអារម្មណ៍មិនស្រួលក្នុងចិត្ត ចេះតែគិតថាស្រាលខ្លួន ប៉ុន្តែប្រឹងសម្ដែងថាខ្លួនឯងឡូយ ត្រូវអត់? តែបើមានកាបូបតម្លៃ ២០ដុល្លារ ហើយមានលុយក្នុងនោះ ១០០០ដុល្លារវិញ អ្នកក៏មានអារម្មណ៍ថាធ្ងន់ខ្លួន ហើយមិនខ្លាចនរណាមើលងាយឡើយ តែធាតុពិតគឺគ្មានអ្នកណាដឹង គ្មានអ្នកណាមកនិយាយអីផងហ្នឹង! ឃើញទេ មានតែខ្លួនឯងទេ ដែលដឹងពីខ្លួនឯង។ បើអ្នកមានឡាន ហើយជិះម៉ូតូទៅណាមកណា ក៏អ្នកមិនគិតថាអន់។ តែបើអ្នកមានត្រឹមតែម៉ូតូវិញ ហើយគ្មានឡាន ជិះទៅណាមកណា ក៏ចេះតែគិតថាគេមើលងាយ។ តាមពិតក៏គ្មានអ្នកដឹង គ្មានអ្នកមើលឃើញ។ ចឹងតម្លៃមនុស្ស មិនមែនស្ថិតនៅលើរបស់អស់ហ្នឹងទេ គឺវាស្ថិតនៅលើសកម្មភាព និងអំពើល្អរបស់យើង។ មានប៉ុណ្ណាក៏ដោយ តែបើអួតរបស់ ហើយគ្មានចិត្តចេះជួយគេ និយាយស្ដីមិនពីរោះ ក៏គ្មានអ្នកចូលចិត្ត គ្មានអ្នកឱ្យតម្លៃដែរ។

ខ្ញុំនឹកឃើញពេលក្រ ពេលអត់ លុយមួយម៉ឺនរៀល មួយម៉ឺនរៀល មានតម្លៃណាស់។ ចឹងហើយ បានចូលចិត្តជួយគេ ជាជាងចំណាយលុយលើការអួតទ្រព្យសម្បត្តិ ដែលវាមិនបង្កើនតម្លៃដល់យើងនោះ។ រាល់ថ្ងៃនេះ ខ្ញុំមានវាសនាល្អ មានក្រុមហ៊ុន មានហាងពេជ្រ តែខ្ញុំមិនដែលភ្លេចប្រវត្តិជូរចត់លក់ខោអាវក្រោមឆត្រ មុនឈានដល់ចំណុចនេះទេ។ មនុស្សយើង ត្រូវរស់នៅដោយសាមញ្ញ ធ្វើតែអំពើល្អ កុំមានចិត្តអំនួត កុំភ្លេចកំណើត និងកុំឱ្យតម្លៃទ្រព្យសម្បត្តិជាជាងអំពើល្អ នោះក្ដីសុខនឹងកើតមានពិតៗ។ ហាហាហា និយាយច្រើនណាស់ថ្ងៃនេះ តែបើបានអានចប់ ក៏សប្បាយចិត្តជាមួយគ្នាដែរ។”