ថ្មីៗនេះនាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានធ្វើការប្រកាសថានឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់ Account Facebook មួយ ដែលបានបង្ហោះរិះគន់ដល់ស្ថាប័នក្រសួងវប្បធម៌ ពាក់ព័ន្ធនឹងករណីដែលប៉ុស្តិ៍លេខ៥ បានថតរឿង​ពិសស្នេហ៍ ដោយមានការលើកឡើងថាបានចម្លងពីខ្សែភាពយន្តថៃ ដោយAccount Facebook មួយនេះលើកឡើងថាមន្ត្រីវប្បធម៌មួយចំនួនដែលមាន “ជំងឺប្រចាំកាយហើយល្មមដល់ពេលដែលត្រូវវះកាត់ហើយ”។

ដោយនាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានប្រកាសថា៖ “ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាយកដ្ឋាននឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់ Account Facebook ដែលបានបង្ហោះព័ត៌មាន ដោយប្រើពាក្យពេចន៍ ប្រមាថមាក់ងាយ បរិហារកេរ្តិ៍ដោយគ្មានមូលដ្ឋាន មកលើមន្ត្រីរាជការនាយកដ្ឋានសិល្បភាពយន្ត ជាហេតុធ្វើអោយប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់មន្រ្តីរដ្ឋបាលសាធារណៈ”៕