ថៃ៖ ជាទូទៅយើងតែងឃើញមនុស្សដែលក្រីក្រគ្មានផ្ទះសម្បែងត្រូវបានសប្បុរសជន ឬអ្នកដែលមានជីវភាពធូរធារផ្តល់ការឧបត្ថម្ភដូចជាគ្រឿងបរិភោគ និងឧបករណ៍ប្រើប្រាស់ផ្សេងៗ។ ដោយឡែកថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមថៃ ក្រោយមានជនអនាថាម្នាក់បានធ្វើរឿងល្អ ដោយដើរលក់ក្រូចឆ្មាដើម្បីយកថវិកាទិញចំណីចិញ្ចឹមសត្វឆ្មាអនាថាគ្មានម្ចាស់។

ជនអនាថាម្នាក់គ្មានផ្ទះសម្បែង គ្មានសម្លៀកបំពាក់ស្លៀកពាក់ត្រឹមត្រូវ ត្រូវបានគេស្គាល់ឈ្មោះថា លុងឌុម ដោយគាត់ជាមនុស្សតែម្នាក់ដែលព្រួយបារម្ភពីសុខទុក្ខសត្វឆ្មាអនាថាជាងខ្លួនឯង។ បុរសអនាថាម្នាក់នេះបានដើរលក់ក្រូចឆ្មាក្នុងមួយថង់តម្លៃ២០បាត ដើម្បីយកប្រាក់ទាំងនោះមកទិញចំណីសម្រាប់ចិញ្ចឹមសត្វឆ្មា។ បុរសម្នាក់នេះបានធ្វើឲ្យមហាជនរំជួលចិត្ត និងកោតសរសើរជាខ្លាំង ដោយគាត់សុខចិត្តអត់ម្ហូបឆ្ងាញ់ញ៉ាំខ្លួនឯង ឲ្យតែបានជួយសត្វឆ្មា៕ អត្ថបទ៖ មេសា