យោងតាមប្រភពព័ត៌មានបានអោយដឹងថា ទីក្រុងតូក្យូទាំងមូលនឹងត្រូវរងការបោកបក់ដោយព្យុះទីហ្វុងទី១៩ ដែលគេអះអាងថាជាព្យុះដែលកាចសាហាវបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ជប៉ុនឡើយ។ មុននេះបន្តិចដែរ ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសជប៉ុនផ្ទាល់ក៏បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ជុំវិញករណីព្យុះទីហ្វុងទី១៩ នេះដោយអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សនិស្សិតកម្ពុជា ដែលកំពុងស្នាក់នៅប្រទេសជប៉ុនអោយមានការប្រុងប្រយត្ន័ខ្ពស់។ ខ្លឹមសារនៃសេចក្តីជូនដំណឹងនេះមានដូចតទៅ៖

“សំខាន់ ព័ត៌មានបន្ថែមអំពីព្យុះទីហ្វុងទី១៩ ដែលនឹងបក់បោកលេីតំបន់កានតូ(ជុំវិញទីក្រុងតូក្យូ​) នៅថ្ងៃទី១២-១៣ ខែ​តុលា ឆ្នាំ២០១៩។ សូមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ​ ក្នុងករណីអាសន្ន។
សូមចូលមេីលព័ត៌មានអំពីកម្រិតអាសន្ននៅតំបន់របស់លោកអ្នកផ្ទាល់តាមរយៈវេបសាយ​៖ https://www.jma.go.jp/en/warn/index.html ស្ថានទូតសូមអំពាវនាវដល់ប្រជាពលរដ្ឋ​ សិស្ស/និស្សិត​ ឬកម្មសិក្សាការីក្នុងតំបន់នេះមានការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការធ្វេីដំណេីរចេញពីផ្ទះបេីពុំចាំបាច់ពិសេសនៅថ្ងៃចុងសប្តាហ៌នេះ។ ប្រសិនបើបងប្អូនមានព័ត៌មានអំពីប្រជាពលរដ្ឋ សិស្ស/និស្សិត ឬកម្មសិក្សាការីខ្មែរដែលរស់នៅក្នុងតំបន់នោះទទួលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយ:ហ្វេសប៊ូកផេករបស់ស្ថានទូត ឬទូរស័ព្ទលេខ08046899374, និង08034597889។ សូមអរគុណទុកជាមុនចំពោះការសហការ និងសូមជូនពរអោយបងប្អូនជួបប្រទះតែសំណាងល្អ។