នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ នេះ ប្រទេសជប៉ុនចាប់ផ្តើមទទួលរងខ្យល់ព្យុះ Hagibis ដែលជាខ្យល់ព្យុះដ៏កាចសាហាវមិនធ្លាប់ជួបក្នុងប្រវត្តិសាស្ត្រប្រទេសជប៉ុន។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ខ្យល់ព្យុះនេះមានកម្លាំងខ្យល់បោកបក់រហូតដល់ល្បឿន ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលអាចបង្កជាទឹកជំនន់ និងធ្វើឲ្យបាក់ដីផងដែរ នេះបើតាមការឲ្យដឹងពីភ្នាក់ងារឧតុនិយមជប៉ុន។

ព្រឹកនេះផងដែរនៅខេត្តស៊ីបា ប្រទេសជប៉ុន បានរងការខូចខាតយ៉ាងខ្លាំង ផ្ទះសម្បែង និងរថយន្តជាច្រើនត្រូវបានបំផ្លាញ ព្រមទាំងមានមនុស្សរងរបួសផងដែរ ប៉ុន្តែមិនទាន់មានរបាយការណ៍អ្នកស្លាប់នៅឡើយទេ ចំណែកឯអគ្គិសនីក៏ត្រូវកាត់ផ្តាច់ផងដែរ។ ទាក់ទងនឹងបញ្ហាគ្រោះធម្មជាតិនេះផងដែរ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន ក៏បានធ្វើការប្រកាសទូរស័ព្ទលេខទំនាក់ទំនង២ខ្សែ សម្រាប់ទាក់ទងពេលមានអាសន្នគឺ 08046899374, និង08034597889៕