ថៃ៖ កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំណុចផ្លូវកោងចេញពីខេត្តឈៀងរ៉ៃ ដោយក្នុងនោះគេបានរកឃើញថារថយន្តគ្រោះថ្នាក់ជារថយន្តដឹកក្រុមចម្រៀងដ៏ល្បីប្រចាំប្រទេសថៃ ក្រុម Cocktail។

ក្រោយទទួលដំណឹងនេះភ្លាម ប្រិយមិត្តអ្នកគាំទ្ររបស់ក្រុមតន្ត្រីមួយនេះបានបង្ហាញពីក្តីបារម្ភរបស់ខ្លួនពេញបណ្តាញសង្គមហ្វេសប៊ុក ដោយបន់ស្រន់ និងសង្ឃឹមសូមឲ្យគ្រប់គ្នាឆ្លងផុតគ្រោះថ្នាក់។ ករណីមួយនេះត្រូវបានគេរកឃើញថា ព្រោះតែមានភ្លៀងធ្លាក់ខ្លាំង ខណៈពេលពួកគេត្រលប់មកវិញបន្ទាប់ពីការប្រគំតន្ត្រីនៅខេត្តឈៀងរ៉ៃ មកដល់ចំណុចកើតហេតុផ្លូវកោងបណ្តាលឲ្យរថយន្តបាត់បង់ម្ចាស់ការ ធ្វើឲ្យគ្រវីទៅបុកនិងរបាំងពុះចែកទ្រូងផ្លូវ។

ការពិនិត្យបានរកឃើញថាអ្នកបើកបរពុំមានសេពគ្រឿងស្រវឹង ឬងងុយគេងនោះឡើយ តែអាចមកពីការបើកបរហួសល្បឿនកំណត់ និងការធ្វេសប្រហែស។ យ៉ាងណាមិញក្រុមចំរៀង Cocktail បានអាប់ឌេតគណនីសង្គមខ្លួនឲ្យដឹងថាពួកគេពុំមាននរណាគ្រោះថ្នាក់ដល់ជីវិតឡើយ គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ សូមប្រិយមិត្តអ្នកគាំទ្រឈប់បារម្ភទៀតទៅ៕