លោកយាយម្នាក់មានអាយុ ៧៧ឆ្នាំ ត្រូវបានបញ្ជាក់ថា បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីរូបគាត់បានធ្លាក់ពីខ្សែរតឡើងឧទ្ធម្ភាគចក្រ អំឡុងពេលប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះពីទឹកជំនន់ ដែលបន្សល់ពីព្យុះទីហ្វុង Hagibis ។ ចំពោះគ្រោះថ្នាក់យ៉ាងអាណោច​អាធ័មនេះ នាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុងតូក្យូបានធ្វើការសុំទោសជាសាធារណៈចំពោះការធ្វេសប្រហែសរបស់ខ្លួន ដោយនិយាយថាក្រុមអ្នកជួយសង្គ្រោះភ្លេចដាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យគាត់។ ឧប្បត្តិហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ១០ ព្រឹកថ្ងៃអាទិត្យ នៅទីក្រុងអ៊ីវ៉ាគី ខេត្តហ្វូគូស៊ីម៉ា (Fukushima) ។

លោកយាយអាយុ ៧៧ឆ្នាំ ម្នាក់នោះបានធ្លាក់ពីកម្ពស់ ៤០ម៉ែត្រ ហើយត្រូវបានគេបញ្ជាក់ថា បានស្លាប់ បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ។ នាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុងតូក្យូបានសុំទោសចំពោះភាពខ្វះការប្រុងប្រយ័ត្ននេះ ហើយពួកគេក៏នៅតែបន្ដបញ្ជូនឧទ្ធម្ភាគចក្រ និងបុគ្គលិកទៅតំបន់ ហ្វូគូស៊ីម៉ា និង ណាហ្គាណូ បន្ទាប់ពីព្យុះ Hagibis បង្កការជន់លិចនៅក្នុងតំបន់ទាំងនោះ៕ អត្ថបទ៖ លីដា ខ្មែរណូត