បុរសវ័យ៤៤ឆ្នាំ ឃើញហើយចាប់ចិត្តស្រលាញ់ស្ត្រីវ័យ៧២ឆ្នាំ រហូតដល់សារភាពសុំស្នេហ៍បានរៀបការជាមួយគ្នាតែម្តង
សង្គម October 16, 2019 SAM

ខេត្តស្វាយរៀង-មង្គលការកូនកំលោះអាយុ ៤៤ឆ្នាំ និងកូនក្រមុំអាយុ៧២ឆ្នាំ ដែលជានិស្ស័យស្នេហ៍វ័យចំណាស់ កម្រជួបប្រទះ កើតមានឡើងក្រោមការចូលរួមអបអរផង ភ្ញាក់ផ្អើលផងពីអ្នកស្រុកអ្នកភូមិ កាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នៅផ្ទះខាងស្រី ក្នុងភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ គូស្នេហ៍វ័យចំណាស់នេះខាងកូនកម្លោះមានឈ្មោះ អ៊ុង វុន្ថា អាយុ ៤៤ឆ្នាំ មានទីលំនៅភូមិប្រាសាក់ ឃុំប្រាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រីឯកូនក្រមុំ ឈ្មោះ កើត ឡាត អាយុ៧២ឆ្នាំ រស់នៅភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ក្នុងកិច្ចសម្ភាសជាមួយភ្នាក់ងារព័ត៌មានប្រចាំខេត្តស្វាយរៀង កូនកម្លោះប្រាប់ឲ្យដឹងថា បានជារូបគាត់ស្រឡាញ់កូនក្រមុំវ័យចាស់ជាងខ្លួន ដោយសារឃើញកូនក្រមុំរូបនេះ ជាស្ត្រីមេម៉ាយកូន ២នាក់ តាំងពីមុនបុណ្យភ្ជុំបិណ្ឌមកម្ល៉េះ។ លោកបន្តថា បើមើលពីជីវភាពខាងស្រី ក៏មិនមានទ្រព្យសម្បត្តិអ្វីនោះដែរ និងថាដើមហេតុធ្វើពួកគាត់ស្គាល់គ្នា ដោយសារតែរូបគាត់ទៅលេងនៅក្នុងភូមិកូនក្រមុំ (ផ្ទះមិត្តភក្តិ) ហើយពេលលោកទៅសួរសុខទុក្ខសាច់ញាតិឆ្លងទន្លេនៅមន្ទីរពេទ្យ ក៏បានឃើញគ្នា និងចាប់ចិត្តស្រលាញ់គ្នា រហូតដល់សារភាពសុំស្នេហ៍តែម្តង។ ក្រោយសារភាពកូនក្រមុំមិនប្រកែក ក៏ទន់ចិត្ត និងព្រមព្រៀងគ្នា មានចាស់ទុំទាំងសងខាងចូលស្តីដណ្តឹង និងរើសយកថ្ងៃល្អចូលការតែម្តងទៅ៕ ប្រភព៖ លោក Huy Bunleng