Gigi Joono ធ្លាប់ត្រូវគេមើលងាយថាជាក្រុមក្មេងខ្ទើយគ្មានអនាគត និងគ្មានប្រយោជន៍ដល់សង្គម ចុងក្រោយប្រែក្លាយជាអ្នកច្នៃម៉ូដល្បី និងទទួលកោតសរសើរមិនដាច់ពីមាត់

ថៃ៖ ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមដោយមានការទទួលកោតសរសើរចំពោះក្រុមក្មេងប្រុសភេទទី៣ មួយក្រុមដែលមានឈ្មោះថា Gigi Joono ឬរហ័សនាម “ទេពធីតាស្រុកស្រែ” ដោយពួកគេត្រូវបានគេស្គាល់ថាជាក្មេងៗដែលពោរពេញទៅដោយគំនិតច្នៃប្រឌិតក្នុងការច្នៃម៉ូដសម្លៀកបំពាក់ និងការតុបតែងខ្លួនជាម៉ូដែល។ ក្រុមក្មេងៗទាំងនេះមានដើមកំណើតនៅក្នុងខេត្ត Nakhon Ratchasima ប្រទេសថៃ ដោយពួកគេបានចែករំលែកបទពិសោធន៍ និងគំនិតរបស់ពួកគេឲ្យដឹងថា ដើមឡើយពួកគេគ្រាន់តែធ្វើលេងៗកម្សាន្តជាមួយមិត្តភក្តិតែប៉ុណ្ណោះ ព្រោះគ្រប់គ្នាចូលចិត្តយកនេះ យកនោះមកច្នៃជាម៉ូដខោអាវ និងដើរបង្ហាញម៉ូដ។

លុះក្រោយមកឃ្លីប និង រូបថតរបស់ពួកគេត្រូវបានចែកចាយពេញបណ្តាញសង្គម ដោយទទួលការកោតសរសើរជាខ្លាំងពីសំណាក់មហាជន តែក៏មានការរិះគន់ស្របពេលជាមួយគ្នានោះដែរ។ ក្រោយមកពួកគេកាន់តែទទួលបានកេរ្តិ៍ឈ្មោះ និងស្គាល់ច្រើនតាមរយៈបរទេស Grazia ដោយបានសរសេរកោតសរសើរលើកទឹកចិត្តពួកគេ រហូតមានខាងក្រុមទូរទស្សន៍ និងបណ្តាព័ត៌មានណាត់ជួបធ្វើការសម្ភាសន៍។ ក្រោយមកការងារជាច្រើនបានរត់មករកពួកគេ ជាពិសេសនៅពេលដែលពួកគេត្រូវបានអញ្ជើញជាអ្នកច្នៃម៉ូដកិត្តិយសក្នុងកម្មវិធី Asia’s Next Top Model។ ក្រុមក្មេងៗ “ទេពធីតាស្រុកស្រែ” Gigi Joono ពុំដែលនឹកស្មានថាខ្លួនឯងទទួលបានការគាំទ្រខ្លាំងបែបនេះឡើយ ដោយពួកគេត្រឹមជាក្មេងស្រុកស្រែដែលធ្លាប់ត្រូវគេមើលងាយ និងស្តីធ្វើបាបជាពិសេសពីមិត្តរួមសាលា ថាជាក្រុមក្មេងខ្ទើយគ្មានអនាគត​ គ្មានប្រយោជន៍ដល់សង្គម។

តែពេលនេះការងារជាច្រើនបានរត់មករកពួកគេ ដោយមហាជនហាក់ពេញចិត្តជាខ្លាំងនឹងម៉ូដសម្លៀកបំពាក់ដែលពួកគេច្នៃ ដោយប្រើប្រាស់វត្ថុធាតុដើមផ្សេងៗដូចជារុក្ខជាតិ ផ្លែឈើ បន្លែ សំរាម កន្ទេល មួក និងបាវការ៉ុងជាដើម។ ឈុតសម្លៀកបំពាក់របស់ពួកគេក៏ធ្លាប់ត្រូវបានទិញដើម្បីយកទៅប្រើប្រាស់ក្នុងការប្រកួតជ្រើសរើសស្រីស្អាតប្រចាំខេត្តផងដែរ។ ចង់ដឹងថាស្នាដៃពួកគេល្អបែបណានោះ សូមទស្សនារូបខាងក្រោមនេះ៖

អត្ថបទ៖ មេសា

Written By

SAM