រូបសំណាក​លោកវេជ្ជ​បណ្ឌិត​ Beat Richner បិតា​ស្ថាបនិកមន្ទីរ​ពេទ្យ​គន្ធបុប្ផា ដែលជាស្នាដៃបញ្ចប់ឆ្នាំរបស់និស្សិតផ្នែក​ចម្លាក់នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ត្រូវបានយកមកតម្កល់នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឬសាលារចនា នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩។ រូបសំណាកនេះស្ថិតនៅក្នុងប្រធានបទ “វីរៈបុរសមនុស្សធម៌” ជាស្នាដៃរបស់លោកឈិន​ ពិសិដ្ឋ​ លោកព្រិច​ ពៅ ជាក្រុមបេក្ខជនការពារនិក្ខេបទ​ ថ្នាក់​បរិញ្ញាបត្រ​ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈជំនាន់​ទី​២៦​ ផ្នែក​ចម្លាក់​។

ដោយគណនីហ្វេសប៊ុកឈ្មោះ Visal SK បានសរសេររៀបរាប់ថា៖ “ទីបំផុតរូបសំណាករបស់គាត់ត្រូវបានធ្វើឡើងរួចរាល់ហើយនេះជាស្នាដៃរបស់និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈធ្វើឡើងដើម្បីបញ្ចប់ស្នាដៃថ្នាក់បរិញ្ញាបត្រផ្នែកចម្លាក់”។ សូមបញ្ជាក់ថាលោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពក្នុងជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីស ដែលជាប្រទេសកំណើតរបស់លោក។ បើទោះបីជាគ្មានឈាមជ័រជាខ្មែរ លោកវេជ្ជបណ្ឌិត Beat Richner បានចំណាយពេលស្ទើរតែពាក់កណ្តាលជីវិត ចុងក្រោយរបស់លោក ដើម្បីកុមារកម្ពុជា៕ រូបភាព៖ Sokkhim Som/ Visal SK