កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior វគ្គ Judge Audition បានឈានដល់សប្ដាហ៍ទី៤ មានកុមារា កុមារី ជាច្រើនបានមកប្រកួតប្រជែងដោយពួកគេមានភាពក្លាហាន បកស្រាយបទចម្រៀង និងមានភាពវៃឆ្លាតគួរឲ្យស្រលាញ់។ ជាពិសេសកម្មវិធីប្រឡងចម្រៀងកុមារដ៏ថ្មីសន្លាងមួយនេះមានការចូលរួមពីកំពូលតារាចម្រៀងលំដាប់កំពូល៣រូប មកធ្វើជាគណៈកម្មការផងដែរមានដូចជាលោក ព្រាប សុវត្ថិ លោក ឆន សុវណ្ណរាជ និងអ្នកនាង សុខ ស្រីនាង។

ក្នុងនោះក៏មានកុមារីឈ្មោះ លឹម សេរីហាន់នីកា អាយុ១១ឆ្នាំ មកពីខេត្តកំពង់ធំ បានបង្ហាញសមត្ថភាពបកស្រាយបទចម្រៀងចំណងជើង “ហត់ទេស្រឡាញ់គេម្នាក់ឯង” ដែលជាបទចម្រៀងរបស់គណៈកម្មការ សុខ ស្រីនាង ។ កុមារីរូបនេះបានបកស្រាយបទចម្រៀងពោរពេញដោយមនោសញ្ចេតនា ក្រអួនក្រអៅ ជាលទ្ធផលលឹម សេរីហាន់នីកា ទទួលបាន “YES” ដល់ទៅ៣ពីគ​ណៈកម្មការនឹងបន្តវត្តមានក្នុងការប្រកួតប្រជែង៕