បេក្ខជន​ចុងក្រោយ​របស់ X-Factor Cambodia រដូវកាលទី១ ដែលអាចថាជាជើងខ្លាំងមានលោក គង់ ចំរើន លោក សំ សុវណ្ណារ៉ា​ក់ និង លោក ចាន់ កូម៉ែន ទោះបីមិនបានលើកពាន X-Factor Cambodia មែនប៉ុន្តែដោយសារតែប្រជាប្រិយភាព និងមានការសំណូមពរពីមហាជន អ្នកទាំង៣ក៏បានបង្ហាញខ្លួននៅកម្មវិធីព័ត៌មានពេលព្រឹក របស់ស្ថានីយទូរទស្សន៍ហង្សមាស។ ដោយលោក មាស ឬទ្ធី បានធ្វើការសម្ភាសន៍សាកសួរពីអារម្មណ៍ពិតបន្ទាប់ពីបញ្ចប់ការប្រកួត និងជាពិសេសលទ្ធផលដែល ចាន់ សុ​បញ្ញា បានក្លាយជាជ័យលាភី។

ដោយលោក គង់ ចំរើន លោក សំ សុវណ្ណារ៉ា​ក់ និង លោក ចាន់ កូម៉ែន បានបង្ហាញពីក្តីរំភើប រីករាយចំពោះបទពិសោធន៍ក្នុងការចូលរួមកម្មវិធីចម្រៀងដ៏ល្បី ហើយក៏បង្ហាញពីអារម្មណ៍រំភើបដែលបានឡើងមកផ្តល់បទសម្ភាសន៍ជាមួយនឹងលោក មាស ឬទ្ធី នៅក្នុងកម្មវីធីព័ត៌មានពេលព្រឹក។ សូមរំលឹកថាម្ចាស់ជ័យលាភី កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក X-Factor Cambodia រដូវកាលទី១ បានទៅលើបេក្ខជន ចាន់ សុបញ្ញា ដែលស្ថិតនៅក្នុងក្រុមរបស់គណៈកម្មការ អ្នកនាង ឱក សុគន្ធកញ្ញា ទទួលបានប្រាក់រង្វាន់ ១០០លានរៀល និងក្លាយខ្លួនជាតារាចម្រៀងកុងត្រាជំនាន់ថ្មីរបស់ផលិតកម្មរស្មីហង្សមាស៕