ស្របពេលដែលពិភពលោកកំពុងព្រួយបារម្ភពីបញ្ហាកាកសំណល់ផ្លាស្ទិកដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក៏មានតារាទូទាំងពិភពលោកបានចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយទាក់ទងនឹងផលប៉ះពាល់នៃការប្រើថង់ផ្លាស្ទិកផងដែរ។ យ៉ាងណាមិញថ្មីៗនេះតារាសម្ដែងពូកែខាងដើរតួកម្សត់រហូតទស្សនិកជនដាក់រហស្សនាមថាតារាទឹកភ្នែក កញ្ញា នី មុន្នីនាថ ក៏បានចូលរួមផ្សព្វផ្សាយការកាត់បន្ថយ និងលុបបំបាត់ការប្រើប្រាស់ផ្លាស្ទិក ដោយកញ្ញាបានថតរូបបង្ហាញថាថង់ផ្លាស្ទិកពិតជាមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ពិភពលោក ជាអន្ទាក់សម្លាប់ និង កាត់អាយុសត្វពាហនៈ សត្វសមុទ្រជាដើម។

ដោយកញ្ញា នី មុន្នីនាថ បានសរសេររៀបរាប់ថា៖ “តើអ្នកដឹងទេ រាល់ថ្ងៃសម្រាមជាថង់ប្លាស្ទិច កំពុងតែបំផ្លាញបរិស្ថាន យ៉ាងសកម្ម មិនថាក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោក? តើប្លាស្ទិច កំពុងបំផ្លាញប្រទេសអ្នកបានកំរិតណាទៅហើយ? យើងតែងតែឆ្ងល់ពីបម្រែបម្រួលអាកាសធាតុ ឬ ដូចជា អត្រាការស្រាប់ របស់មនុស្ស ក៏ដូចជាសត្វពាហនៈ ឬ សត្វសមុទ្រជាដើម ថាហេតុអ្វី ខុសពីសម័យមុនដែល ពួកគេមានអាយុ វែងៗ និង មិនសូវមានជំងឺឈឺថ្កាត់ ហើយអាយុខ្លីដូចបច្ចុប្បន្ន? ដឹងថាហេតុអ្វីទេ? យើងតែងតែសប្បាយរីករាយដែលប្រទេសជាតិ មានការរីកចម្រើន ស្ទើរគ្រប់វិស័យ តែយើងក៏ភ្លេចគិតថា ការរស់នៅក្នុងសម័យ បច្ចេកវិទ្យាទំនើប ក៏បានបង្កើតជាផលអវិជ្ជមានផងដែរ ជាក់ស្តែង សម្រាមប្លាស្ទិច ដែលយើងបានប្រើប្រាស់រួចរាល់ ត្រូវបានបំលែងជាជាតិពុល ក៏ដូចជាអន្ទាក់សម្លាប់ និង កាត់អាយុសត្វពាហនៈ សត្វសមុទ្រ ក៏ដូចជាមនុស្សជាតិដូចគ្នា។ សម្រាមក៏ដូចជាថង់ប្លាស្ទិចគឺពិតជាស្អុយ ហើយគួរឲ្យខ្ពើមរអើមមែន តែមនុស្សដែលបោះសម្រាមចោលផ្តេសផ្តាស មិនត្រឹមត្រូវ ទើបគួរឲ្យខ្ពើមរអើមជាងសម្រាមទៅទៀត។ ចូលរួមកាត់បន្ថយថង់ប្លាស្ទិច ក៏ដូចជាសម្រាមនានា ដោយដាក់សម្រាមក្នុងធុងសម្រាម”៕ រូបភាព៖ Ny Monineath