យើងសង្កេតឃើញករណីចោរកម្មតែងតែកើតមានជាញឹកញាប់ ជាពិសេសការលួច ឆក់ និងបន្លំយកទ្រព្យសម្បត្តិ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានការព្រួយបារម្ភជាខ្លាំងពីទ្រព្យសម្បត្តិរបស់ពួកគាត់។ ជាក់ស្តែងណាស់ថ្មីៗនេះមានករណីចោរស្រីម្នាក់ធ្វើដំណើរតាមម៉ូតូជាមួយនឹងប្តី បានធ្វើសកម្មភាពចូលលួចទូរស័ព្ទដៃម៉ាកអាយហ្វូន និងកាបូបលុយ នៅក្នុងផ្ទះប្រជាពលរដ្ឋមួយដែលមានអាជីវកម្មពេទ្យធ្មេញ ដែលហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្រុងប៉ោយប៉ែត។

បន្ទាប់ពីធ្វើសកម្មភាពរួចក៏ត្រូវម្ចាស់ទូរស័ព្ទ និងកាបូបតាមទាន់ ដោយទារយករបស់ខ្លួនមកវិញ ប៉ុន្តែដំបូងឡើងស្ត្រីជាចោរ ក៏បានប្រកែកថាមិនបានយក ចុងក្រោយទាំងប្តីនិងប្រពន្ធក៏សារភាពកំហុស និងលើកដៃសូមទោសទៅកាន់ជនរងគ្រោះ ដោយមានចិត្តអាណិតនិងមិនចង់មានបញ្ហាច្រើន ទើបម្ចាស់ទូរស័ព្ទនិងកាបូប មិនរករឿងប្តឹងដល់សមត្ថកិច្ច។ ដោយយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Ping ក៏បានសរសេរសារយ៉ាងខ្លាំងថា៖ “លួចគេវាគ្រាន់ គេទាន់វាក្រែល អ្នកប៉ោយប៉ែតប្រយ័ត្នផង”៕