កាលពីម្សិលមិញនេះ ថ្ងៃទី១នៃ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក បានបញ្ចប់ទៅយ៉ាងសប្បាយរីករាយ ដោយយើងសង្កេតបងប្អូនប្រជាពលរដ្ឋបាននាំគ្នាដើរលេងកម្សាន្តយ៉ាងច្រើនកុះករនៅតាមមាត់ទន្លេទស្សនាការបាញ់កាំជ្រួច និងការបណ្តែតប្រទីបរបស់ស្ថាប័ន និងក្រសួងផ្សេងៗ ថែមទាំងមានការសម្ដែងសិល្បៈ និងប្រគំតន្ត្រីនៅតាមទីធ្លាសាធារណៈមួយចំនួនទៀតផងដែរ។

បើយើងក្រឡេកមកមើលបងប្អូនផ្នែកអនាម័យវិញ យើងឃើញពួកគាត់បានខិតខំប្រឹងប្រែងប្រមូល ក៏ដូចជាបោសសំអាតសំរាមយ៉ាងល្អផងដែរ។ បើតាមការបញ្ជាក់របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបង្ហាញពីសកម្មភាពបោសសំអាតសំរាមនៅសួនច្បារសាធារណៈ និងច្រាំងទន្លេ របស់ភ្នាក់ងារអនាម័យ ដោយចាប់ផ្តើមបោសសំអាតតាំងពីម៉ោង ២៤យប់ និងបញ្ចប់នៅម៉ោង ៦ព្រឹក៕