ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវករណីដោយមានការលើកឡើងថា មន្ត្រីមន្ទីរពេទ្យខេត្តរតនគិរីម្នាក់បានប្រើពាក្យអសុរស (មី) មិនត្រឹមតែប៉ុណ្ណោះស្ត្រីមានគណនីហ្វេសប៊ុកឈ្មោះ លីតុងអាន លីតុងអាន ក៏បានថាមន្ត្រីមន្ទីរពេទ្យរូបនោះបានស្ទុះមកច្របាច់កខ្លួនថែមទៀតផង។ ក្រោយពីមានវីដេអូចែកចាយពេញបណ្តាញសង្គម ភ្លាមៗនោះមន្ត្រីមន្ទីរពេទ្យខេត្តរតនគិរីឈ្មោះ ចាន់ សុខជា ដែលប្រេីសំដី​ អសុរស​ដាក់​ប្រជាពលរដ្ឋនៅខេត្តរតនគីរី​ ត្រូវ​បានដក​បញ្ឈរជេីង​ជាបណ្តោះអាសន្ន។

យោងតាមលិខិតដែលចេញដោយលោក​ប្រធានមន្ទីរពេទ្យខេត្តរតនគិរី ចាត់តាំងដោយឲ្យលោក ចាន់ សុខជា ភេទប្រុស អាយុ៣៤ឆ្នាំ មានមុខជំនាញបច្ចេកទេស គិលានុបដ្ឋាកបឋម បម្រើការងារនៅផ្នែកពិគ្រោះជំងឺក្រៅ ត្រូវបានផ្អាកការងារបណ្តោះអាសន្ន ឲ្យមកបម្រើការងារនៅផ្នែករដ្ឋបាលហិរញ្ញាវត្ថុ (វត្តមានចាំបាច់នៅផ្នែករដ្ឋបាលរៀងរាល់ម៉ោងធ្វើការ។ យ៉ាងណាមិញលោក ចាន់ សុខជា ក៏បានធ្វើការបកស្រាយចំពោះមូលហេតុដែលបានកើតឡើងយ៉ាងដូច្នេះថា៖

កាលពីវេលាម៉ោងប្រមាណជា៩ព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ មានស្ត្រីម្នាក់បានមកសុំធ្វើសំណុំបែប​បទសុំចេញពីពេទ្យដើម្បីយកកូនទៅរកសេវាព្យាបាលនៅក្រៅ ស្របពេលមានអតិថិជនរង់ចាំធ្វើឯកសារចូលនិងចេញច្រើន ស្ត្រីរូបនោះមកក្រោយគេ និងបានបង្ខំឲ្យពេទ្យរៀបចំឯកសារឲ្យបានមុនគេ ហើយក្រុមគ្រូពេទ្យបានប្រាប់ឲ្យរង់ចាំ ស្រាប់តែស្ត្រីរូបនោះបានគ្រោធខឹង និងបានប្រើពាក្យអសុរសមិនសមរម្យមកលើក្រុមគ្រពេទ្យ និងបានយកទូរស័ព្ទមកថត។ ដោយឃើញបែបនេះលោកក៏បានប្រាប់ថាក្នុងបន្ទប់មិនអាចថតរូបបានទេ ដោយស្រ្តីរូបនោះមិនព្រមឈប់ លោកក៏បានចេញពីបន្ទប់ដើម្បីសុំឲ្យស្ត្រីរូបនោះឈប់ថតទៀត។ ដោយលោកថាលោកមិនបានប្រើកាយវិការច្របាច់កដូចក្នុងវីដេអូ ដែលស្រ្តីរូបនោះបានចោទប្រកាន់ឡើង ហើយខណៈពេលនោះក៏មានអតិថិជន និងក្រុមគ្រូពេទ្យនៅកន្លែងកើតហេតុផងដែរ៕