ថ្មីៗនេះមានករណីលំនៅ​ឋាន​២​ខ្នង​របស់ប្រជាពលរដ្ឋស្ថិតនៅក្បែររោងចក្រ​ស៊ីឡាំង​ហួរ ក្នុងភូមិ​ត្នោត​ជ្រុំ​ទី​៤ សង្កាត់​បឹង​ទំពន់​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ត្រូវបានអគ្គិភ័យលេបត្របាក់។ លំនៅឋានទាំង២ខ្នង ២គ្រួសារ ដោយមាន១ខ្នង ត្រូវបានគេស្គាល់ថាជាលំនៅឋានរបស់អ្នកនិយាយព័ត៌មាននៅស្ថានីយទូរទស្សន៍ហង្សមាស គឺលោក ទូច សុខៈ ។ អ្វីដែលគួរឲ្យហួសចិត្តនោះលោក ទូច សុខៈ ក៏បានផ្សាយផ្ទាល់អំពីព័ត៌មានអគ្គិភ័យនេះ ដោយមិនបានដឹងថាជាផ្ទះរបស់ខ្លួន ដោយលោក មាស ឬទ្ធី បានសរសេរសារយ៉ាងដូច្នេះថា៖

“ផ្ទះលោកសុខៈ នៅបឹងទំពន់ក្រុមការងារហង្សមាសខ្ញុំ ត្រូវភ្លើងឆេះអស់ហើយកាលពីព្រឹកមុិញ អ្វីដែលគួរឲ្យហួសចិត្តថែមទៀតកាលពីព្រឹកមុិញលោកសុខៈ ខ្លួនឯងបានផ្សាយផ្ទាល់ព័ត៌មានស្តីអំពីភ្លើងឆេះនេះដែរតែមិនបានដឹងថាភ្លើងឆេះផ្ទះខ្លួនឯងទេថែមទាំងប្រាប់ណែនាំទៅមហាជនថា ត្រូវប្រុងប្រយ័ត្នមិនត្រូវធ្វេសប្រហែសទេថ្ងៃក្រោយ។ បន្តិចក្រោយមកទើបគេប្រាប់មកលោកសុខៈវិញថា ផ្ទះដែលឆេះនោះគឺផ្ទះលោកសុខៈឯងតើ ពេលនោះហើយដែលលោកសុខៈស្រក់ទឹកភ្នែកលែងនិយាយអ្វីចេញ ពេលនោះលោកសុខៈបានខលមកខ្ញុំថា បងអើយជួយខ្ញុំផងអ្វីៗខ្ញុំអស់រលីងហើយ ខ្ញុំភ្ញាក់ព្រើត….ហុឺទ្រព្យសម្បត្តិជីវីតពិតជាមិនទៀងមែន…យើងនឹងរៃអង្គាសគ្នាជួយគាត់តាមលទ្ធភាពនិងសុំការជួយពីសប្បុរសជនផងដែរ”។

សូមរំលឹកផងដែលថាគេហដ្ឋានរបស់លោក ទូច សុខៈ ត្រូវបង់រំលួសអស់រយៈពេល១០ឆ្នាំទម្រាំតែបានទិញផ្ទះនេះដាច់ក្នុងតម្លៃ ២៥០០០ដុល្លារ។ ហេតុការណ៍អគ្គិភ័យនេះដំបូងគេបានលឺសម្លេង ផ្ទុះនិងមានផ្សែងហ៊ុយចេញជាអណ្ដាតភ្លើងចេញពីក្នុងផ្ទះ បង្កឲ្យមានអគ្គីភ័យឆាបឆេះយ៉ាង សន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងរថយន្តពន្លត់អគ្គីភ័យជាច្រើន គ្រឿង ចេញជួយបាញ់ពន្លត់ភ្លាមៗតែម្ដង ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុប ចំនួន១៥គ្រឿង ប្រើប្រាស់អស់ទឹកចំនួន១២គ្រឿង ទើបរលត់ទៅវិញជាស្ថាពរ ដោយផ្ទះទាំង២ខ្នងត្រូវបានឆេះម៉ត់៕