កាលពីពេលថ្មីៗនេះមានការរិះគន់មួយចំនួនពីបណ្តាមហាជននៅលើបណ្តាញសង្គម Facebook ទាក់ទងទៅនឹងព្រះទីន័ងរថយន្ត ដែលប្រើប្រាស់មកធ្វើការដឹកព្រះសពរបស់ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុបា្ជទេវី ដោយអ្នកខ្លះចោទថាជារថយន្តតូរីស។ ដើម្បីបកស្រាយចម្ងល់នេះក្រុមការងារយើង នឹងធ្វើការបង្ហាញអំពីព័ត៌មានមួយចំនួននៃរថយន្តមួយនេះ។ ជាក់ស្តែងទៅបើមើលអំពីរូបរាងនៃរថយន្ត ពណ៌ ស មួយគ្រឿងដែលមានឡាញពណ៌លឿងនៅផ្នែកខាងក្រោមនោះ បានបញ្ជាក់អោយដឹងថា វាជាប្រភេទរថយន្ត Mercedes-Benz MB140D ដែលផលិតឡើងដោយក្រុមហ៊ុន Mercedes ក្នុងចន្លោះឆ្នាំ 1999 ដល់ឆ្នាំ 2004។

ប៉ុន្តែដោយសារតែរថយន្តប្រភេទនេះ មានតំលៃថ្លៃនិងពិបាកលក់នៅលើទីផ្សារប្រទេសកូរ៉េ ទើបក្រុមហ៊ុន SsangYong របស់កូរ៉េ ធ្វើការទិញសិទ្ធិពីក្រុមហ៊ុន Mercedes ទៅផលិតនិងកែខៃផ្នែកមួយចំនួន ដើម្បីអោយរថយន្តមួយនេះមានថ្លៃដើមតិចជាង និងអាចដាក់លក់នៅលើទីផ្សារបាន ហើយដាក់ឈ្មោះថ្មីថា SsangYong Istana។ ចំពោះរថយន្ត SsangYong នោះវិញគឺត្រូវបានផ្លាស់ប្តូរ Logo ចេញនិងមិនមានតែម MB140D នោះឡើយ ហើយផ្នែកខាងក្នុងរថយន្តក៏មានការផ្លាស់ប្តូរមួយចំនួនផងដែរ ដោយម៉ាស៊ីន គ្រឿងក្រោម ប្រអប់លេខ គឺជាបច្ចេកវិទ្យារបស់ Mercedes-Benz ទាំងស្រុង។ ហើយចំពោះ ព្រះទីន័ងរថយន្ត ដែលប្រើប្រាស់មកធ្វើការដឹកព្រះសពរបស់ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុបា្ជទេវី គឺជារថយន្ត Mercedes-Benz MB140D របស់ក្រុមហ៊ុន Mercedes ដោយយើងសំគាល់ទៅលើ Logo ទាំងផ្នែកខាងមុខ និងខាងក្រោយ តែម MB140D និងយ៉ាន់រថយន្តតែម្តង៕