ក្រោយពីមានព័ត៌មាន និងរូបភាពសិស្សានុសិស្សមួយក្រុម នៃសាលាបឋមសិក្សាអូរជុញក្រាល កំរាលតង់រៀនក្រោមដើមឈើ ក៏ដោយសារពួកគេខ្វះបន្ទប់សិក្សានោះ សម្ដេចតេជោ ហ៊ុន សែន បានចាត់ឲ្យទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងថ្នាក់ដឹកនាំ ព្រមទាំងក្រុមការងារ អញ្ជើញចុះពិនិត្យជាក់ស្តែង នៅក្នុងបរិវេណសាលាបឋមសិក្សាអូរជុញ។

ក្នុងនោះផងដែរបន្ទាប់ពីចុះត្រួតពិនិត្យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចផ្តល់អគារសិក្សាជូន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សាលាបឋមសិក្សាអូរជុញ ក្នុងភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។ ដោយអគារសិក្សាមួយខ្នង កម្ពស់២ជាន់ ស្មើនឹង១២បន្ទប់ អគារទីចាត់ការមួយ និងក្លោងទ្វាររបងផងដែរ។ បច្ចុប្បន្ន សាលាបឋមសិក្សានេះមានសិស្សសរុប ៤២៥នាក់ ក្នុងនោះសិស្សស្រី ២២៦នាក់ គ្រូ ១៤នាក់ ក្នុងនោះគ្រូមានក្របខ័ណ្ឌ ៧នាក់ គ្រូជាប់កិច្ចសន្យា ៧នាក់ ហើយមានអគារឈើ ២ខ្នង ៥បន្ទប់៕