នាព្រឹកថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០១៩ សិល្បករ សិល្បការិនី សមាគមសិល្បករខ្មែរ និងសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានចូលរួមលើកទឹកចិត្តជនពិការជាង៥ពាន់នាក់ នៅក្នុងទិវាជនមានពិការភាពកម្ពុជាលើកទី២១ និងអន្តរជាតិទៅទី ៣៧ ក្រោមប្រធានបទ«លុបបំបាត់ឧបសគ្គរារាំងជនមានពិការភាពដើម្បីសង្គមមួយប្រកបដោយបរិយាបន្ន» ដែលមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធី។

ក្នុងនោះផងដែរបន្ទាប់ពីបានចូលរួមពិធីនេះរួចមក តារាកំប្លែង នាយពែកមី ក៏បានធ្វើការថតរូបជាមួយនឹងបងប្អូនពិការភាពដែលមានទេពកោសល្យផ្នែកសិល្បៈ​ ដោយពែកមី បាន ចោទសួរថា អាចទេផ្តល់ឱកាសឲ្យជនពិការឡេីងច្រៀងនៅក្នុងពិធីជប់លៀង និងពិធីមង្គលការ។ ដោយពែកមី បានសរសេរយ៉ាងដូច្នេះថា៖ “តេីការផ្តល់ឱកាស​អោយជនពិការ​ ឡេីងច្រៀងក្នុងកម្មវិធីការឬជប់លៀងផ្សេងៗ​ ធ្វេីអោយអាប់រាសុី​ ឬប៉ះពាល់កម្មវិធីមង្គលដែរឬទេ​ ឬមួយជាការធ្វេីបុណ្យធ្វេីទាន​និង​បង្ហាញពីការមិនរេីសអេីងដល់ជនពិការ?”។

មហាជនជាច្រើនបានធ្វើការចែករំលែកនូវរូបភាពដោយធ្វើការគាំទ្រនូវការលើកឡើងរបស់នាយពែកមី សង្ឃឹមថានឹងមានវត្តមានបងប្អូនជនពិការទទួលបានការងារនេះកាន់តែទូលំទូលាយ ក៏ដូចជាការលើកទឹកចិត្តឲ្យជនពិការទាំងអស់មានកម្លាំងចិត្ត បន្តការងារប្រកបរបរប្រចាំថ្ងៃ។ សូមជួយលើកស្ទួយ និងលើកទឹកចិត្តចំពោះការងារដែលជនពិការបានធ្វើ៕