កម្មវិធីប្រឡងបវកញ្ញាចក្រវាល (Miss Universe) ឆ្នាំ២០១៩ ដែលធ្វើឡើងនៅទីក្រុងអាត្លង់តា រដ្ឋចចា សហរដ្ឋអាមេរិក កំពុងតែដំណើរការនៃការប្រកួត ដែលមានបវកញ្ញាដែលតំណាងជាតិរបស់ខ្លួនមានចំនួន៩០ប្រទេស។ ក្នុងនោះផងដែរថ្មីៗនេះ ស្ថាប័នបវកញ្ញាចក្រវាលឡាវ បានបង្ហាញនូវឈុតដំរីគឺជាឈុតតំណាងជាតិ ដែលខ្លួនសម្រាប់ត្រៀមយកទៅប្រកួត Miss Universe 2019 នៅសហរដ្ឋអាមេរិក ហើយឈុតនេះត្រូវមហាជននៅលើបណ្តាញសង្គមនិងអ្នកតាមដានព្រឹត្តិការណ៍បវកញ្ញាចក្រវាលបានលាន់មាត់កោតសរសើរមិនដាច់ពីមាត់។

ឈុតនេះត្រូវគ្រងនិងដើរបង្ហាញដោយ កញ្ញា Vichitta Phonevilay បវកញ្ញាចក្រវាលឡាវ២០១៩។ សូមរំលឹកថា ឡាវ ធ្លាប់បាន​ឈ្នះជា​ឈុត​តំណាង​ជាតិល្អ​បំផុតក្នុង​ការ​ប្រកួត Miss Universe កាលពីឆ្នាំ២០១៨ ដែលពេលនោះប្រទេសថៃធ្វើជាម្ចាស់ផ្ទះ។ ការប្រកួតបឋម និងប្រកួតឈុតតំណាងជាតិនឹងធ្វើឡើងនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ ម៉ោង៨យប់នៅសហរដ្ឋអាមេរិក។ យ៉ាងណាកុំភ្លេចគាំទ្របវកញ្ញាកម្ពុជា ដែលនឹងនាំយកឈុត «ព្រះនាងឥន្ទ្រទេវី » ទៅដើរបង្ហាញ នៅថ្ងៃនោះផងដែរ៕