កាលពីពេលថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវស្ថានភាពផ្លូវចូលប្រាសាទមួយនៅក្នុងខេត្តសៀមរាប ដែលមានក្រហុកហើយមានភក់ជ្រាំធ្វើឲ្យភ្ញៀវទេសចរណ៍លំបាកក្នុងការដើរចូលប្រាសាទ ហើយក៏មានការរិះគន់ខ្លាំងៗពីសំណាក់មហាជននៅលើបណ្តាញសង្គម។

យ៉ាងណាមិញ អាជ្ញាធរជាតិអប្សរា ក៏បានបកស្រាយថារូបផ្លូវចូលប្រាសាទដែលមានក្រហុកនោះ ជារូបចាស់តាំងពីឆ្នាំ២០១៦មកម្ល៉េះ ហើយបច្ចុប្បន្នមិនមែនដូចក្នុងរូបនោះទេ។ ដោយ អាជ្ញាធរជាតិអប្សរា បានរៀបរាប់ថា៖ “ឧទាហរណ៍មួយក្នុងការបង្ហោះរូបដែលគ្មានបច្ចុប្បន្នភាព ជារូបចាស់តាំងពីឆ្នាំ២០១៦មកម្លេះ ហើយបច្ចុប្បន្នមិនមែនដូចក្នុងរូបនោះទេ។ តើអ្នកផ្សាយចេញនូវរូបភាពខ្វះការទទួលខុសត្រូវបែបនេះត្រូវការអ្វីពិតប្រាកដ? សូមផ្សាយចេញនូវអ្វីដែលជាបច្ចុប្បន្នភាពសំដៅប្រយោជន៍រួមរបស់ជាតិយើងទាំងអស់គ្នា”៕