ថ្មីៗនេះមានករណីហេតុការណ៍បាក់រលំប្លង់សេអគារសាលាឆាន់ នៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប បណ្តាលឲ្យព្រះសង្ឃ និងប្រជាពលរដ្ឋ ១៣អង្គ/នាក់ រងរបួសធ្ងន់ស្រាល និង ៣នាក់បានស្លាប់បាត់បង់ជីវិត។ ក្នុងនោះផងដែរក៏មានជនរងគ្រោះម្នាក់ ឈ្មោះថា លី សំណាង បានជួបគ្រោះថ្នាក់ស្លាប់បាត់បង់ជីវិតខណៈធ្វើការងារសប្បុរសធម៌ទៅជួយពិនិត្យប្លង់សេឲ្យខាងវត្ត ទាំងមិនមែនគម្រោងរបស់ខ្លួន តែអកុសលអ្វីជួបគ្រោះថ្នាក់ ស្លាប់បាត់បង់ជីវិតចោលកូនតូចៗ២នាក់ ហើយប្រពន្ធកំពុងពរពោះកូនក្នុងផ្ទៃថែមទៀត។

នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Lach Ly បានសរសេររៀបរាប់ថា៖ “ធ្លាប់រាប់អានគាត់ Ly Samnang មានសមត្ថភាពច្បាស់លាស់ ទាំងសណ្តាណចិត្តល្អ និង របៀបធ្វើការត្រឹមត្រូវ រាល់គំរោងការងារដែលគាត់គ្រប់គ្រងនិងត្រួតពិនិត្យ។ ថ្ងៃនេះគាត់ទទួលគ្រោះថ្នាក់ក្នុងការងារជាសប្បុរសដល់សង្គម ដែលមិនមែនជាគំរោងគ្រប់គ្រងចាត់ចែងដោយខ្លួនគាត់។ ខ្ញុំជឿជាក់ថា បើមិនមែនលុយពុទ្ធបរិស័ទ មិនមែនបច្ច័យព្រះសង្ឃ បើមិនព្រោះតែជួយការងារវត្ត ជន្ទល់ទាំងនេះប្រាកដជាត្រូវរុសរើឡើងវិញជាក់ជាមិនខាន គាត់នឹងមិនចូលទៅពាក់ព័ន្ធកន្លែងប្រឈមគ្រោះថ្នាក់នេះទេ។ សង្វេគណាស់ តក់ស្លុតណាស់ មិនសមកើតឡើងទេ។ គាត់បានលាកូនទាំងពីរនាក់ ទារកក្នុងផ្ទៃម្នាក់ និងប្រពន្ធគាត់ទៅហើយ។ សូមអោយអំពើល្អ និង សណ្ដានចិត្តសប្បុរសរបស់ វិញ្ញាណក្ខន្ធបងទៅកាន់ទីឋានដែលសាកសមបំផុត សូមអោយគ្រោះថ្នាក់ដ៏តក់ស្លុតនេះ ក្លាយជាមេរៀនចុងក្រោយ សម្រាប់ដាស់តឿនស្មារតីរាល់អ្នកបច្ចេកទេសក្នុងសង្គមយើងទាំងមូល”។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានចូលរួមសោកស្តាយជាមួយក្រុមគ្រួសារជនរងគ្រោះ និងចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារជនរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍ដ៏អកុសលនេះផងដែរ ដោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកាប្រមាណ ២០លានរៀលក្នុងមួយសព សម្រាប់គ្រួសារជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត និងឧត្ថម្ភ ៣លានរៀលក្នុងមួយនាក់ សម្រាប់អ្នករងរបួស៕