កាលពីរាត្រីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ផលិត​កម្ម​ខ្មែរ​មេគង្គ បានធ្វើការសម្ពោធខ្សែភាពយន្តខ្មែរ “ផ្ទះជួល” ឬ Move out នៅឯរោងភាពយន្ត ​Major Cineplex by Smart សាខា​អ៊ីអន​ភ្នំពេញ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សិល្បករ សិល្បការិនី ផលិតករ អ្នកដឹកនាំរឿង អ្នកនិពន្ធ និងអ្នកគាំទ្រភាពយន្តខ្មែរជាច្រើននាក់ទៀត។

រឿង​រន្ធត់​ថ្មី​ពីផលិត​កម្ម​ខ្មែរ​មេគង្គ “ផ្ទះជួល”​ ជាភាពយន្តនិយាយពីនិស្សិតមកពីខេត្ត ០៤រូបនាំគ្នាមកនៅផ្ទះជួល ដោយពួកគេបានស្វែងរកផ្ទះមួយដែលជួលបន្ទប់ក្នុងតម្លៃថោកជាងគេនៅក្នុងទីក្រុងភ្នំពេញ។ ដោយផ្ទះនោះមានអាយុកាល១០០ឆ្នាំ គ្រប់គ្រងដោយយាយផាន់ បានស្វាគមន៍និងប្រាប់ពួកគេពីវិន័យនៅផ្ទះជួលដែលពួកគេត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន។ មិនយូរប៉ុន្មានពួកគេដឹងថាផ្ទះជួលរបស់ពួកគេមានអ្វីមិនធម្មតា។ នៅរៀងរាល់យប់ ពួកគេឃើញនិងប្រទះនូវរឿងរ៉ាវចម្លែកៗគួរឲ្យរន្ធត់ជាច្រើន។ នេះជាហេតុធ្វើឲ្យពួកគេដឹងថាផ្ទះជួលរបស់ពួកគេមានខ្មោចលង។ ទោះជាភ័យខ្លាចយ៉ាងណាក៏ពួកគេរួមដៃគ្នាគាស់កកាយនូវអាថ៌កំបាំងផ្ទះជួលរបស់ពួកគេឲ្យទាល់តែបាន។ រឿងដែលអ្នករស់នៅផ្ទះជួល គួរមកទស្សនាគ្រប់គ្នា មានចាក់បញ្ចាំងចាប់ពីនៅថ្ងៃទី ០៥ ធ្នូ តទៅ នៅរោងភាពយន្ត ​Major Cineplex​ គ្រប់សាខា៕