ធ្វើដំណើរយប់ព្រលប់សូមប្រយ័ត្នផង! មានករណីជនអន្ធពាលចាំពួនស្ទាក់គប់កញ្ចក់រថយន្តអ្នកធ្វេីដំណេីរលេីកំណាត់ផ្លូវជាតិលេខ៦
សង្គម December 11, 2019 naren khmernote

ករណីជនទុរចរិតធ្វើសកម្មភាពគប់កញ្ចក់ឡាន ឬប្រើវិធីសាស្ត្រផ្សេងដើម្បីធ្វើការប្លន់យកទ្រព្យសម្បត្តិពីអ្នកធ្វើដំណើរនៅពេលយប់ស្ងាត់ និងបង្កអសន្តិសុខដល់សង្គម បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សារធារណៈ បានកើតឡើងជាបន្តបន្ទាប់។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះមានករណី ជនឆក់ឱកាសបានធ្វើសកម្មភាពពួនស្ទាក់យកដុំថ្មគប់កញ្ចក់ឡានដើម្បីធ្វើសកម្មភាពមិនល្អណាមួយ នេះបើយោងតាមគណនីហ្វេសប៊ុក វជិរា វីរៈបុត្រ ដែលជាម្ចាស់ឡាន។

ប្រភពដដែលបានសរសេររៀបរាប់ថា៖ “សូមបងប្អូនដែលធ្វេីដំណេីរពេលយប់លេីកំណាត់ផ្លូវជាតិលេខ៦​ បន្ទាយមានជ័យ​-សៀមរាប ត្រង់ចំណុចហួសស្នាក់ការសន្តិសុខលេខ៦៦៦​ កងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ​ ខេត្ត​បន្ទាយមានជ័យ​ ប្រហែល៤០០ម៉ែត្រ​ ចន្លោះ​ រហាល​ ទៅភ្នំលាប​ មានករណីក្មេងអន្ធពាល​ បង្កអសន្តិសុខបានគប់កញ្ចក់រថយន្តខ្ញុំបាទ​ នាព្រលប់ម៉ោង៧យប់​ ថ្ងៃទី៥ ខែធ្នូ​ ឆ្នាំ​២០១៩​នេះ​។ សូមមេត្តាមានការប្រុងប្រយ័ត្ន​ ដេីម្បីសុវត្ថិភាពផ្ទាល់ខ្លួន​ ក៏ដូចជាក្រុមគ្រួសារលោកអ្នក​ ខ្ញុំក៏សូមអំពាវនាវផងដែរដល់អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ និងសមត្ថកិច្ចពាក់ព័ន្ធ​មេត្តាស្រាវជ្រាវវែកមុខ​ និងចាប់ខ្លួនក្មេងទំនេីង​ អន្ធពាល​ទាំងនោះ​ យកមកអប់រំ​ និងដាក់ទោសតាមច្បាប់​ ចៀសវាងការនៅបង្កការរំខាន​ បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សារធារណៈ និងបងប្អូនដែលធ្វេីដំណេីរ​ តាមដងផ្លូវជាតិ​ ហេីយពួកទាំងអស់នោះក៏ជាមុខសញ្ញានៃការធ្វេីអោយភូមិ-ឃុំគ្មានសុវត្ថិភាព​ ធ្វើ​អោយប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម​ និងសេចក្តីថ្លៃថ្នូររបស់ជាតិយេីង។ សូមអរគុណ”៕