ពេជ្រ សូលីកា បង្ហោះសារថា “ម៉ាក់គឺជាម៉ាក់ដែលមិនល្អក្នុងភ្នែកអ្នកដទៃ តែម៉ាក់គឺជាម៉ាក់ដែលល្អបំផុតក្នុងកែវភ្នែកកូន”
សិល្បៈ January 16, 2020 SAM

បន្ទាប់ពីមានរឿងរ៉ាវដែលម្តាយតារាចម្រៀង ពេជ្រ សូលីកា បានប្រព្រឹត្តបទល្មើសដោយយកខ្នើយមកខ្ទប់ថប់ដង្ហើមជនរងគ្រោះរហូតដល់ស្លាប់ និងត្រូវបានតុលាការកាត់ក្តីតាមផ្លូវច្បាប់ ខណៈដែល ពេជ្រ សូលីកា ជាកូនស្រី បានបង្ហោះសាររំលែកទុក្ខក្រុមគ្រួសារសពជនរងគ្រោះ និងបានធ្វើបុណ្យដាក់បាត្រឧទិ្ទសកុសលសុំការអហោសិកម្មពីគ្រួសារសព ជំនួសម្ដាយ ដែលជាជនល្មើស ក៏មានសិល្បករ សិល្បការិនី និងមហាជនជាច្រើនបានធ្វើការលើកទឹកចិត្តចំពោះពេជ្រ សូលីកា កុំគិតច្រើន និងថែទាំសុខភាពកូនក្នុងផ្ទៃ។ ក្នុងនោះផងដែលនៅមុននេះបន្តិច ពេជ្រ សូលីកា បានបង្ហោះសារបង្ហាញពីអារម្មណ៍យ៉ាងដូច្នេះថា៖

“ម៉ាក់គឺជាម៉ាក់ដែលមិនល្អក្នុងភ្នែកអ្នកដទៃ តែម៉ាក់គឺជាម៉ាក់ដែលល្អបំផុតក្នុងកែវភ្នែកកូន ទោះម៉ាក់លំបាកកាយលំបាកចិត្តយ៉ាងណា ម៉ាក់ក៏មិនដែលចង់អោយកូនមកហត់លំបាកជាមួយម៉ាក់ដែរ កូនមិនខ្លាច នឹងគេហៅកូនថា ជា កូនឃាតករ ឡើយ ព្រោះតាំងពីកូនដឹងក្ដីមក ម៉ាក់គ្រាន់តែជាមនុស្សស្រីធម្មតា នឹង ល្អម្នាក់ សំរាប់កូនៗតែប៉ុនណ្ណោះ។ មានសម្ដីខ្លះបានលើកឡើងថា អ្នកស្លាប់ទៅហើយ ចង់សងអ្វី ក៏មិនអាចត្រលប់ក្រោយវិញបានដែរ ប៉ុន្តែចង់អោយដឹងថា សំរាប់អ្នកនៅរស់ ក៏មិនមែនមកបន្តការស់នៅជួបជុំគ្រួសារតាមបែបធម្មតាដូចកាលពីមុនវិញបានដែរ មានជីវិតក៏ពិតមែន ប៉ុន្តែជីវិតដែលនៅសល់បន្តហ្នឹង រស់នៅតាមរបៀបណា អ្នកដែលមានជីវិតគឺមានតែបន្តទទួលកម្មដែលខ្លួនបានសាងចឹងហើយ ពាក្យសុំទោស រឺ ពាក្យស្ដាយក្រោយដែលបានខំប្រើទៅយ៉ាងណា សំរាប់អ្នកដែលគិតថាគ្មានប្រយោជន៌ គឺវានៅតែគ្មានប្រយោជន៌ដដែលចឹង គ្មានអ្វីក្រៅពី អហោសិកម្ម អោយគ្នានោះទេ មិនមែនរាល់ការស្គាល់គ្នាវាសុទ្ធតែជានិស្ស័យទាំងអស់ឡើយ ខុសគឺខុស វាជារឿងដែលមិនអាចកែប្រែបាន តែមិនមែនអ្នកដែលធ្វើខុសសុទ្ធតែអាក្រក់ដូចការមើលឃើញទាំងអស់នោះទេ គ្មាននរណាម្នាក់ដែលកើតមកចង់ខុស ហើយគ្មាននរណាម្នាក់ដែលកើតមកល្អគ្រប់ដប់ដែរ។

ឥឡូវនេះអ្វីដែលកូនអាចធ្វើបានសំរាប់ម៉ាក់គឺកូនមានតែដាក់បាត ធ្វើបុណ្យ ឧទិសកុសល ដល់អ្នកដែលបានចាកចេញទៅ ជំនួសម៉ាក់តែប៉ុណ្ណោះ។ នេះជារូបអនុស្សាវរីយ៍ចុងក្រោយរបស់ម្ដាយកូនយើង ក្នុងថ្ងៃដែលកូនបានក្រាបសំពះម៉ាក់ក្នុងថ្ងៃសិរីសួស្ដីរបស់កូន ទោះថ្ងៃពិសេសបន្ទាប់របស់កូន គ្មានវត្តមានម៉ាក់ចូលរួម តែកូនចង់អោយម៉ាក់ដឹងថា ម៉ាក់នឹងស្ថិតនៅក្នុងបេះដូងកូនជានិច្ច ដែលគ្មានថ្ងៃកែប្រែបាន។ សំរាប់មាត់អ្នកដទៃ ទទួលយកបានមិនបាន គឺជារឿងរបស់អ្នកព្រោះខ្ញុំមិនមែនធ្វើសំរាប់មាត់របស់អ្នកឡើយ។ សូមទានជ្រាប សូមអរគុណ បងប្អូនទាំងអស់គ្នា សំរាប់ការ ផ្ដល់កំលាំងចិត្តជាច្រើនមកកាន់រូបនាងខ្ញុំ នឹង កូនខ្ញុំ មានទាំងការផ្ញើសារ និង comment លើកទឹកចិត្ត បារម្មណ៍ សួរសុខទុក្ខ ជាច្រើន ហើយក៏សុំអភ័យទោសផងដែរ ដែលនាងខ្ញុំមិនបានតបទៅដល់អ្នកទាំងអស់គ្នា ប៉ុន្តែរាល់ការផ្ញើមក គឺនាងខ្ញុំបានឃើញគ្រប់ទាំងអស់ អរគុណដែល ធ្វើអោយខ្ញុំមានអារម្មណ៍កក់ក្ដៅ នឹង រឹងមាំ បន្តដំណើរជីវិតនេះ ទៅមុខទៀត”៕