អ្នកកាសែតស្រីម្នាក់ ប្រកាសឈប់ចូលរួមជំនួបរវាងសម្តេចតេជោ និងអ្នកកាសែត ដោយគ្រាន់តែញាំម្ហូបហូរហៀរ និងស្តាប់សម្តេចនិយាយតែម្ខាង ស្រាប់តែឯកឧត្តមខៀវ កញារិទ្ធ បានពន្យល់នីតិវិធីរបស់ក្រសួង និងមានប្រសាសន៍ឲ្យចំៗថា “រវល់តែវ៉ែជជែកគ្នាបានជាមិនឮឬយ៉ាងណា ?”

ថ្មីៗនេះបន្ទាប់ពីមានអ្នកកាសែតម្នាក់មានឈ្មោះ Ly Na បានបង្ហោះនៅលើហ្វេសបុុករៀបរាប់រឿងជំនួបរវាងសម្តេចនាយក និងអ្នកកាសែត ដោយគាត់បានរៀបរាប់ថា គាត់មិនចង់ជំនួបជាមួយសម្តេចតេជោដោយគ្រាន់តែញាំអាហារហូរហៀរលើតុទេ និងស្តាប់ការមានប្រសាសន៍របស់សម្តេចតែម្ខាងនោះទេ។ ស្រាប់តែពេលនេះឯកឧត្តមខៀវ កញារិទ្ធ បានឆ្លើយតបទៅអ្នកកាសែត Ly na នោះវិញថា៖

“ធម្មតា ខ្ញុំមិនតបសារមនុស្សដែលនិយាយខុសរឿងតែឯងនោះទេ តែដោយឃើញសារនារីម្នាក់និយាយរិះគន់ដល់ការជួបជុំរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី ១៤​ មករា​ ២០២០ ដោយចាត់ថាជាការមិនបើកអោយមានការជជែកពិភាក្សាដឹងពីសុខទុក្ខអ្នកកាសែត ខ្ញុំគិតថា អ្នកនិយាយប្រហែលមិនសូវទៅធ្វើការ ឬ ក៏អង្គភាពនោះមានប្រព័ន្ធជូនដំណឹងផ្ទៃក្នុងមិនល្អ ។ នៅមុនពេលជួបជារៀងរាល់ឆ្នាំ សមាគមអ្នកកាសែត​ តែងពិគ្រោះគ្នាលើកពីចំណុចដែលត្រូវដាក់ជូននាយករដ្ឋមន្ត្រីសំរេច ហើយក្រសួងព័ត៌មានពិនិត្យពីចំណុចណាដែលគួរដាក់ដើម្បីសម្តេចនាយករដ្ឋមន្ត្រីសំរេចជាគោលការណ៍ គឺនិយាយពីរឿងព្រៃ មិននិយាយពីដើមឈើទេ ។

នៅក្នុងឆ្នាំនេះ បញ្ហាដែលលើកឡើង គឺកិច្ចការពារអ្នកកាសែតនៅចំពោះមុខច្បាប់ និង សំណូមពរអ្នកកាសែតចង់មានប្រព័ន្ធសន្តិសុខសង្គមនៅពេលពួកគេមានជំងឺដង្កាត់ផ្សេងៗ ។ ដោយប្រព័ន្ធ ប.ស.ស. មាននីតិវិធីច្បាស់លាស់ហើយ ក្រសួងមានគំរោងបើកសិក្ខាសាលាមួយជូនអ្នកកាសែតដោយអញ្ជើញតំណាងក្រសួងសង្គមកិច្ចមកពន្យល់ ហេតុនេះនៅសល់តែរឿងការពារអ្នកកាសែតនៅចំពោះការប្តឹងផ្តល់នានា ។ ហើយសំណូមពរនេះត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ដោះស្រាយជូននៅថ្ងៃទី ១៤ មករា នោះហើយ តែប្រហែលអ្នករិះគន់នោះ រវល់តែវ៉ែជជែកគ្នាបានជាមិនឮឬយ៉ាងណា ?”