ជាងគំនូរដ៏ល្បីល្បាញក្នុងទសវត្សរ៍ឆ្នាំ៨០ និង៩០ មានស្នាដៃឆ្លាក់លើរូបប៉ាណូរឿងកុន ស្លាកពាណិជ្ជកម្មផ្សេងៗ សព្វថ្ងៃអ៊ុំប្រុសនៅបន្តការងារនេះទោះមិនសូវមានការគាំទ្រ
សង្គម January 17, 2020 sovann khmernote

ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវរឿងរ៉ាវអ៊ុំប្រុសមួយរូប ដែលត្រូវបានគេស្គាល់ថាជាជាងគំនូរដ៏ល្បីល្បាញកាលពីជំនាន់ដើម ដោយអ៊ុំប្រុសមានសមត្ថភាពសរសេរអក្សរឆ្លាក់ សារជូនពរ សាររំលែកទុក្ខ ជាដើម។ ដោយសព្វថ្ងៃនេះអ៊ុំប្រុសនៅតែបន្តរបរនេះនៅខាងកើតផ្សារធំថ្មី មុំតូបលក់ផ្កា ដោយអ៊ុំប្រុសចាំទទួលការងារឆ្លាក់លើផ្ទាំងក្រណាត់ ឬផ្ទាំងក្រដាសដែលខាងអ្នកលក់ផ្កា ឬក៏អតិថិជនចាស់ៗប្រគល់អោយ។

នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក ភួង តេងសុន បានសរសេររៀបរាប់ថា៖ “អ៊ុំប្រុសម្នាក់នេះគឺជាជាងគំនូរដ៏ល្បីល្បាញម្នាក់ក្នុងទសវត្សរ៍ឆ្នាំ៨០ និង៩០។ គាត់ជាជាងគំនូរដែលគូររូបប៉ាណូ (Banner) រឿងកុន តាមរោងកុននានាក្នុងរាជធានីភ្នំពេញ សរសេរអក្សរឆ្លាក់លើស្លាកពាណិជ្ជកម្មផ្សេងៗ ព័ត៌មានផ្សព្វផ្សាយ សារជូនពរ សាររំលែកទុក្ខ ។ល។ លើផ្ទាំងក្រណាត់ ឬផ្ទាំងក្រដាស។ ដោយសារបច្ចេកទេសនៃការបោះពុម្ពកាន់តែទំនើប ចំនេះជំនាញ ភាពប៉ីនប្រសព្វ និងទេពកោសល្យរបស់គាត់ស្ទើរតែគ្មាននរណាម្នាក់បានស្គាល់ ត្រូវបានបំភ្លេច និងបោះបង់។ ប៉ុន្តែដោយសារតែការស្រលាញ់ពេញចិត្តនូវចំនេះជំនាញរបស់ខ្លួន គាត់នៅតែបន្តធ្វើការងារនេះទោះបីមិនសូវមានការគាំទ្រយ៉ាងណាក៏ដោយ។ សព្វថ្ងៃគាត់មានកូនតុដ៏តូចមួយនៅខាងកើតផ្សារធំថ្មី មុំតូបលក់ផ្កា ចាំទទួលការងារដូចជាសរសេរសារជូនពរ ឬសាររំលែកទុក្ខ ដែលខាងអ្នកលក់ផ្កា ឬក៏អតិថិជនចាស់ៗប្រគល់អោយ។ កម្រៃដែលគាត់យកពីអតិថិជនគឺថោកស្ទើរតែមិនជឿ។ បើលោកអ្នកបានទៅកាន់ផ្សារធំថ្មី គួរចំណាយពេលត្រឹម៥ ទៅ ១០នាទី មើលការងាររបស់គាត់ លោកអ្នកនឹងកោតសរសើរជាក់ជាមិនខាន”៕