អាណាព្យាបាល​របស់យុវតីទាំង៤នាក់ សុំសម្របសម្រួលបញ្ចប់រឿងត្រឹម ២,០០០ ដុល្លារអាមេរិក
សង្គម January 17, 2020 SAM

បន្ទាប់ពីមានករណីសិស្សសាលាមួយក្រុមព្រួតគ្នាទាត់ធាក់សិស្សស្រីម្នាក់ និងជេរប្រទេចដូចសត្វធាតុ សមត្ថកិច្ចបានស្រាវជ្រាវឃើញថា សកម្មភាពវាយដំនោះកើតឡើងនៅវិទ្យាល័យផ្សារដើមថ្កូវ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ យោងតាមការសម្ភាសន៍របស់ក្រុមគ្រួសារកុមារីជាសិស្សរងគ្រោះ បានឲ្យដឹងថា អាណាព្យាបាល​របស់យុវតីបង្កហិង្សាទាំង៤ បានសុំសម្របសម្រួលសងសំណង ២,០០០ ដុល្លារសហរដ្ឋអាមេរិក។ យ៉ាងណាមិញយោងតាមសម្តីរបស់ម្តាយយុវតីរងគ្រោះបានឲ្យដឹងថា ក្នុងការបញ្ចប់រឿងត្រឹម២ពាន់ដុល្លារនេះ ព្រោះតែអ្នកស្រីគិតថាមិនចង់មានរឿងវែងឆ្ងាយប្តឹងផ្តល់គ្នាឡើងដល់តុលាការ។

សូមរំលឹកថាសិស្សរងគ្រោះអាយុ១៦ឆ្នាំ សិក្សាថ្នាក់ទី៨ នៅវិទ្យាល័យ​ផ្សារ​ដើម​ថ្កូវ ចំណែក​ក្រុម​ជន​បង្ក​មាន​គ្នា​៤​នាក់ ដោយជនបង្កម្នាក់បានហៅបក្ខពួក​ពី​ខាងក្រៅ​ស្រី​វិទ្យាល័យ​ផ្សេង​ចំនួន ៣​ទៀត មកព្រួត​គ្នា​ទាត់​ធាក់​និង​ជេរប្រទេច​ដូច​សត្វ​ធាតុ​។ ដោយសកម្មភាព​នោះ កើតឡើង​កាលពី​រសៀលថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ក្នុង​វិទ្យាល័យ​ផ្សារ​ដើម​ថ្កូវ និងទើបតែបែកធ្លាយវីដេអូនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ម្សិលមិញនេះ៕