លោក ព្រាប ចាន់​ម៉ា​រ៉ា ព្រឹទ្ធបុរស​រង​មហាវិទ្យាល័យ​បុរាណវិទ្យា បានបញ្ជាក់បន្ថែមឲ្យមហាជន​ស្វែង​យល់​ច្បាស់ពី «ចាក់ចេក»
សង្គម January 18, 2020 naren khmernote

តាមទំលាប់អ្នកស្រុក ជាទូទៅ តែកាលណាមានបុណ្យអ្វីមួយ តម្រូវឲ្យមានទីសក្ការបូជា ដូចជា រាន គ្រែ បុស្បុក ឬទីតម្កល់ម្ឈូសសម្រាប់ពិធីបូជាភ្លើង គេតែងមានការតាំងលម្អនូវការចាក់ក្បូរក្បាច់ផ្កាភ្ញីផ្សេងៗលើស្រទបចេក ដែលទង្វើនេះហៅថា ចាក់ចេក។ ដោយ លោក ព្រាប ចាន់​ម៉ា​រ៉ា ព្រឹទ្ធបុរស​រង​មហាវិទ្យាល័យ​បុរាណវិទ្យា នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​បានរៀបរាប់ឲ្យដឹងថា៖

“សូម​អនុញ្ញាតបញ្ជាក់បន្ថែមជូន​លោកអ្នកទូទៅ សម្រាប់​ស្វែង​យល់​តទៅថ្ងៃមុខ​ទៀត៖ «ចាក់ចេក» ជាក្បូរក្បាច់រចនានៅលើស្រទបចេក (ពិសេសចេកជ្វា) ហើយមានទ្រាប់ក្រដាសពណ៌ពីខាងក្នុងឲ្យលេចចេញជារូបរាងក្បាច់ល្អស្រស់ និងខ្លះទៀតគេលាយល័ក្តពណ៌ផ្សេងៗគូរពីលើបន្ថែមក៏មានដែរ។ តាមទំនៀមប្រពៃណីជាអង្វែងមក គឺក្បាច់ចាក់ចេកនេះគេប្រើនៅកន្លែងជាទីសក្ការៈ គោរពបូជា មានអាសនៈតម្កល់ព្រះបដិមា, បុស្បុកតម្កល់ព្រះពុទ្ធរូបឬទេពផ្សេងៗ, កន្លែងតម្កល់គម្ពីរធម៌អាថ៌, បុស្បុកស្រោចទឹក, កន្លែងតម្កល់ក្តារមឈូសសព, ភ្នំយោងឬមេរុបូជាសព។ ទាំងអស់នេះសុទ្ធតែប្រើជាលក្ខណៈគោរពបូជាក្នុងពិធីបុណ្យផ្សេងៗ។

ប៉ុន្តែពុំដែលឃើញមានប្រើក្នុងពិធីរៀបការឡើយ ព្រោះពិធីរៀបការមានត្រណមច្រើនជាងពិធីអ្វីៗទាំងអស់ ដ្បិតគេមិនចង់ឲ្យមានរឿងមន្ទិលសៅហ្មងកើតឡើង ដូច្នោះហើយអ្វីដែលគេអាចចៀសបាន គេខំប្រឹងចៀស។ សូមមេត្តាកុំទោមនស្សប្រទូស្តរាយជាមួយប្រពៃណីជាតិខ្លួនឡើយ ហើយចូលរួមប្រើប្រាស់សិល្បៈនិងវប្បធម៌ខ្មែរ ដែលនៅសល់គង់វង្សនេះ តាមគន្លង ទំនងលំអាន ត្រូវតាមកិច្ច តាមពិធី តាមបែប តាមបទ នោះរឹងរឹតតែមានតម្លៃថ្លៃថ្នូរដល់ជាតិយើងថែមទៀត។ សូមជម្រាបថា មានអង្គការយូណេស្កូ (UNESCO) ជួយទ្រទ្រង់បែបផែនទំនៀមទម្លាប់ប្រពៃណីជាតិសាសន៍នានាក្នុងលោក ដែលមានតម្លៃរៀងៗខ្លួនឲ្យនៅគង់វង្ស ហើយគេហៅថា «បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ»។ (រូបថតមួយចំនួននេះជារបស់លោកគ្រូខ្ញុំ និងរបស់ខ្ញុំ) សូមអរព្រះគុណ និងសូមអរគុណ (អត្ថបទនេះ​សម្រាប់​អ្នកផងទូទៅស្វែង​យល់​បន្ថែម គឺពុំ​មែន​ឌឺដង ឬតតាំងអ្នកណាឡើយ)”៕