ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការបំភ្លឺបញ្ជាក់ករណី តារាកំប្លែង នាយ ពែក មី ត្រូវប៉ូលីសចរាចរណ៍ខេត្តបាត់ដំបង ផាកអស់ 40ម៉ឺនរៀល
សិល្បៈ January 21, 2020 SAM

កាលពីព្រឹកមិញនេះ មានការភ្ញាក់ផ្អើល ក្រោយតារាកំប្លែងនាយពែកមី ត្រូវបានប៉ូលិសចរាចរណ៍ធ្វើការផាកពិន័យ ដោយសារតែបើកបរគោរពច្បាប់ ហួសល្បឿនកំណត់ និងមិនមានប័ណ្ណបើកបរ។ ជុំវិញករណីនេះផងដែរ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការបំភ្លឺបញ្ជាក់ឲ្យដឹងដូច្នេះថា៖

ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបងសូមជម្រាបជូនសាធារណៈជន ពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា នៅព្រឹកថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០​២០​ ក្រុមការងារគណៈកម្មាធិការ សុវត្ថិភាពចរា​ចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដែលមានមន្រ្តីនគរ​បាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរ​បាល​ខេត្តបាត់ដំបងចូលរួមនៅក្នុងគណៈកម្មាធិ​ការនោះបានធ្វើការត្រួតពិនិត្យមធ្យោបាយធ្វើដំ​ណើរតាមដងផ្លូវជាតិលេខ៥ នៅចំណុច (ពុកឆ្មា)​ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ត្រង់គីឡូម៉ែត្រលេខ​ PK281+200 ។

ក្នុងពេលត្រួតពិនិត្យនេះ មានរថយន្តទំនើបមួយគ្រឿងព៌ណសពាក់ស្លាកលេខ(ភ្នំពេញ 2BE 60​07)បានធ្វើដំណើរក្នុងទិសដៅពីខេត្តបាត់ដំបង​សំ​ដៅទៅរាជធានីភ្នំពេញ ។ មកដល់ចំណុចត្រួត​ពិនិត្យនេះ អ្នកបើកបររថយន្តខាងលើ ត្រូវបានមន្រ្តីនគរបាលនៅចំណុចនេះធ្វើការត្រួតពិនិត្យ​រកប័ណ្ណបើកបរ ប៉ុន្តែបុរសជាអ្នកបើកបររថយន្តខាងលើឈ្មោះ ហ៊ុយ រតនា បានបញ្ជាក់ថា (គាត់​មិនមានប័ណ្ណបើកបររថយន្តទេ) ។ ករណី​បែប​នេះ មន្រ្តីនគរបាលចរាចរណ៍ដែលចូលរួមនៅ​ក្នុង​គណៈកម្មាធិការបានប្រាប់អំពីកំហុសឆ្គងរបស់​គាត់ក្នុងការបើកបររថយន្តដោយ(គ្មានប័ណ្ណបើកបរ)ដែលត្រូវទទួលការពិន័យអន្តរ​ការណ៍ស្របតាមមាត្រា១០នៃអនុក្រិត្យ​លេខ​៤៤អនក្រ.បកចុះថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៧ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។

អ្នកបើកបររថយន្តឈ្មោះ ហ៊ុយ រតនា បានទទួល​ស្គាល់អំពីកំហុសឆ្គងរបស់ខ្លួន និងបាន​យល់ព្រមឲ្យមន្រ្តីនគរបាល ធ្វើការផាកពិន័យអន្តរការណ៍ដោយមានប័ណ្ណផាកពិន័យត្រឹមត្រូវ ជាមួយនេះមន្រ្តីនគរបាលចរាចរណ៍បានធ្វើការអប់រំណែនាំគាត់កុំឲ្យមានកំហុសឆ្គងបែបនេះជាបន្តទៀត ស្របពេលជាមួយនោះមានបុរស​ម្នាក់ដែលស្គាល់ឈ្មោះហៅថា(ពែកមី)ជាតារា​កំប្លែងបានចេញពីក្នុងរថយន្តខាងលើហើយយក​ប្រាក់ទៅបង់ថ្លៃ(ពិន័យអន្តរការណ៍) នេះជំនួសអ្នកបើកបររថយន្តឈ្មោះ ហ៊ុយ រតនា ព្រមទាំងសុំថតរូបភ្ជាប់ជាមួយមន្រ្តីនគរបាលចរាចរណ៍ផង មុនពេលគាត់ចូលទៅក្នុងរថយន្តខាងលើវិញ​និងចាកចេញទៅ ។

ការអនុវត្តនូវតួនាទីនិងភារកិច្ចរបស់មន្រ្តីនគរ​បាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង ចំពោះករណីខាងលើ គឺមន្រ្តីនគរបាលបានអនុវត្តស្របតាមច្បាប់ ស្របតាមអនុក្រិត្យ តួនាទីនិងភារកិច្ចរបស់ខ្លួនដោយត្រឹមត្រូវ ហើយការបំភ្លឺជូនរបស់ក្រុមការងារប្រ​តិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់ដំ​បង នៅពេលនេះ ដើម្បីចៀសវាងនូវការភ័ន្តច្រ​ឡំណាមួយពីមហាជន ពិសេសអ្នកនិយមប្រើ​ប្រាស់បណ្តាញសង្គមចំពោះករណីខាងលើ ដោយ​សេចក្តីគោរពបំផុត សូមអរគុណ ៕(ក្រុមការងារប្រតិកម្មរហ័ស)