ចូលឆ្នាំចិន០៣ថ្ងៃ ភ្ញៀវទេសចរសំរុកទៅលេងខេត្តព្រះសីហនុជិត៩ម៉ឺននាក់

យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២០នេះ ខេត្តព្រះសីហនុបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកកំសាន្តយ៉ាងច្រេីនកុះករ ដែលនេះជាចំនួនកើនឡើងវិញ បន្ទាប់ពីមានការថយចុះនារយៈពេលកន្លងមក បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ ក្នុងកំឡុងពេល៣ថ្ងៃនេះ គិតចាប់ពីថ្ងៃទី២៤ រហូតដល់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នេះ មានភ្ញៀវទេសចរប្រមាណ ៨៧ ៧៦៥នាក់ កើនឡើង ២៤.៥២%( ឆ្នាំ ២០១៩ មាន ៧០ ៤៨០នាក់)។

ភ្ញៀវជាតិប្រមាណ ៧៤.៤៩៥នាក់ កើនឡើង៦៧.១៧%(ឆ្នាំ ២០១៩ មាន ៤៤.៥៦០នាក់) ចំណែកឯភ្ញៀវអន្តរជាតិប្រមាណ ១៣.២៧០នាក់ ថយចុះ៤៨.៨០%(ឆ្នាំ ២០១៩ មាន ២៥.៩២០នាក់)។ តាមព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុមានប្រមាណ ៤១ជើងហោះហើរ ថយចុះ២២ ជើង (ឆ្នាំ២០១៩ មាន ៦៣ជើង) ដោយភ្ញៀវសរុបប្រមាណ ២ ៩០៧នាក់ ថយចុះ៥៣.៨៥% (ឆ្នាំ២០១៩ មាន ៦.៣០០នាក់) ក្នុងនោះមានភ្ញៀវជាតិប្រមាណ១៣៥នាក់ ថយចុះ៣៧.១៧% (ឆ្នាំ២០១៩មាន ១៣៥នាក់) និងភ្ញៀវអន្តរជាតិប្រមាណ២ ៧៧២នាក់ ថយចុះ ៥៤.៤៤%(ឆ្នាំ២០១៩មាន ២.២៣០នាក់)។

ភ្ញៀវទេសចរទៅកំសាន្តតាមបណ្តាកោះនានាសរុបប្រមាណ ៧.៧៤១នាក់កើនឡើង៣.៤០% (ឆ្នាំ២០១៩មាន ៧.៤៨៦នាក់) ក្នុងនោះមានភ្ញៀវជាតិប្រមាណ ៤.៣០០នាក់ កើនឡើង៧៣.១៧% ( ឆ្នាំ ២០១៩ មាន ២.៤៨៣នាក់) និងភ្ញៀវអន្តរជាតិប្រមាណ៣.៤៤១នាក់ ថយចុះ៣១.២២% ( ឆ្នាំ ២០១៩ មាន៥.០០៣ នាក់)។ ចំណែកឯនៅតាមរមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុមានភ្ញៀវ សរុប១០.៦៥៤នាក់ កើនឡើង ៦០.០១% ជាតិ ១០.៤០២នាក់ កើនឡើង ៦៧.២៣% និងភ្ញៀវអន្តរជាតិ ២៥២នាក់ ថយចុះ ៤២.៤៦% (ឆ្នាំ ២០១៩ សរុប ៦.៦៥៨នាក់ ជាតិ ៦.២២០នាក់ និងអន្តរជាតិ ៤៣៨នាក់) ភ្ញៀវដែលមកកម្សាន្តតាមបណ្តាឆ្នេរនានាសរុប ៥០.៧៤៦នាក់ ជាតិ ៤៩.១១៤នាក់ និងអន្តរជាតិ ១.៦៣២ នាក់។

សម្រាប់រយៈពេល០៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ចិន វៀតណាម បញ្ហាសន្តិសុខ មានភាពល្អប្រសើរ ដោយសារយើងបានកំណត់គោលដៅ និងដាក់ផែនការទៅតាមគោលដៅប្រចាំការណ៏ និងបានត្រៀមកំលាំងក្នុងការអន្តរាគមន៏បន្ទាន់ នៅពេលមានហេតុការណ៍ ជាពិសេសលើបញ្ហាអគ្គីភ័យ៕

Written By

SAM