ការព្យាករណ៍របស់អ្នកជំនាញផ្នែករោគរាតត្បាត រកឃើញថា អ្នកឆ្លងមេរោគ Coronavirus អាចមានដល់ជាង 4 ម៉ឺននាក់ លើសពីរបាយការណ៍ដែលបានបង្ហាញជាសាធារណៈ
សង្គម January 27, 2020 sovann khmernote

តាមការចុះផ្សាយរបស់កាសែត The Washington Post របស់សហរដ្ឋអាមេរិក នៅម៉ោង 8:30 នាទីយប់ថ្ងៃទី 27 ខែមករា ឆ្នាំ2020 នេះថា តាមការព្យាករណ៍ពីអ្នកជំនាញបានរកឃើញថា អ្នកឆ្លងមេរោគ Coronavirus មានដល់ទៅជាង 4 ម៉ឺននាក់ ពោលគឺច្រើនជាងរបាយការណ៍ដែលបានបង្ហាញជាសាធារណៈ។ ប្រភពពត័មានដដែលបានដកស្រង់សំដីរបស់លោក Gabriel Leung អ្នកជំនាញផ្នែករោគរាតត្បាត និងជាប្រធានឱសថសុខភាពសាធារណៈ នៅសាកលវិទ្យាល័យហុងកុង ដែលបានប្រាប់ទៅអ្នកសារព័ត៌មាននៅថ្ងៃច័ន្ទនេះថា បើតាមលទ្ធផលដែលលោកបានព្យាករណ៍ពីរោគរាតត្បាតមួយនេះឃើញថា អ្នកឆ្លងមេរោគ Coronavirus មានចំនួនខ្ពស់ដល់ទៅ 44000នាក់ឯណោះ លើសពីរបាយការណ៍ដែលគេបង្ហាញជាសាធារណៈ។

លោក Gabriel Leung ដដែលបានព្រមានថា មេរោគមួយនេះ អាចនឹងផ្ទុះខ្លាំងនៅប្រទេសចិននៅចន្លោះខែមេសា ទៅខែឧសភា ដោយអាចនិយាយបានថាគ្រាន់តែទីក្រុង Chongqing មួយអាចមានអ្នកឆ្លងមេរោគនេះដល់ 15ម៉ឺននាក់។ ទោះជាយ៉ាងណាក្តី តាមរបាយការណ៍ផ្លូវការបានបង្ហាញអោយឃើញថា អ្នកឆ្លងជំងឺ Coronavirus កើនឡើងដល់ 2817 នាក់ និងមានអ្នកស្លាប់កើនដល់ 81 នាក់ គិតត្រឹមម៉ោង 9:11នាទី យប់ថ្ងៃទី27 ខែមករា ឆ្នាំ2020 ស្របពេលដែលតំបន់សំខាន់ៗនៅក្នុងខេត្ត Wuhan ត្រូវបានគេបិទចោលទាំងស្រុង៕