ព្រះអើយ! អ្នកផ្ទុកវ៉ីរ៉ុស កូរ៉ូណា កើនឡើងដល់ជាង ៤០០០ នាក់ហើយ ស្លាប់នៅចិន 106 នាក់ មួយថ្ងៃកើនអ្នកផ្ទុកមេរោគជាង ១ពាន់នាក់
សង្គម January 28, 2020 បក្សីចាំក្រុង

យោងតាមអាជ្ញាធរចិនបានឲ្យដឹងថាគិតមកទល់ពេលនេះ ចំនួនអ្នកស្លាប់ដោយសារការឆ្លងវីរុសកូរ៉ូណានៅប្រទេសចិនបានកើនឡើងដល់ ១០៦នាក់ ខណៈដែលករណីថ្មីកើតមានជិត ១៣០០នាក់ ដែលត្រូវបានបញ្ជាក់។ ជាមួយគ្នានេះគណៈកម្មការសុខាភិបាលខេត្ត Hubei បាននិយាយថានៅភាគកណ្ដាលនៃខេត្តដែលជាចំណុចចាប់ផ្ដើមរាតត្បាតមានមនុស្ស ២៤ នាក់ទៀតបានស្លាប់ដោយសារវីរុស ហើយមានមនុស្ស ១២៩១ នាក់បានឆ្លងជំងឺនេះ ដែលធ្វើឲ្យចំនួនអ្នកឆ្លងជំងឺកើនឡើងដល់ជាង ៤០០០ នាក់។

ចាប់តាំងពីវីរុសកូរ៉ូណានេះបានផ្ទុះឡើងមក ប្រទេសចំនួន ១២ ត្រូវបានគេកត់សម្គាល់ឃើញថាបានឆ្លងជំងឺនេះ ក្នុងនោះរាប់បញ្ជូលទាំងអ្នកឆ្លងជំងឺជាលើកដំបូងនៅក្នុងប្រទេសកាណាដា និងស្រីលង្កាផងដែរ។ យ៉ាងណាមិញកាលពីសប្ដាហ៍មុនប្រទេសចិនបានបិទតំបន់ដែលរងផលប៉ះពាល់ដោយសារវីរុសនៅក្នុងខេត្ត Hubei ហើយកំពុងសាងសង់មន្ទីរពេទ្យថ្មីចំនួនពីរដើម្បីព្យាបាលអ្នកផ្ទុកវីរុស។ ខណៈដែលប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានបង្កើតគណៈកម្មាធិការពិសេសមួយដើម្បីដោះស្រាយការផ្ទុះឡើងនៃជំងឺនេះ។

គួរបញ្ជាក់ផងដែរថាវីរុសកូរ៉ូណាត្រូវបានគេជឿថាចាប់ផ្ដើមកើតឡើងនៅចុងឆ្នាំមុន នៅក្នុងផ្សារ Wuhan ដែលជាកន្លែងលក់សត្វព្រៃខុសច្បាប់ ខណៈដែលប្រជាជនទាំងអស់មិនបានស្គាល់ និងដឹងការងាយបង្កគ្រោះថ្នាក់នៃវីរុសនេះ ហើយមិនបានដឹងថាវារីករាលដាលលឿនយ៉ាងណា។ បន្ថែមពីនេះអង្គការសុខភាពពិភពលោក បានឲ្យដឹងកាលពីថ្ងៃច័ន្ទថា ពួកគេមិនទាន់ច្បាស់ថាតើវីរុសដែលបង្កគ្រោះថ្នាក់អាចឆ្លងក្នុងកំឡុងពេលដែលវាកំពុងលូតលាស់ មុនពេលរោគសញ្ញាលេចមក ឬ យ៉ាងណាទេ? ប៉ុន្តែមិនមានការបញ្ជាក់អះអាងពីអាជ្ញធរចិននៅករណីនេះឡើយ៕

អត្ថបទ៖ លីនី