វីរុសកូរ៉ូណារាតត្បាតមិនទាន់បាត់ផង ឥលូវចិនផ្ទុះឡើងវិញជំងឺផ្តាសាយបក្សីថែមទៀត
សង្គម February 2, 2020 SAM

ក្រសួងកសិកម្ម និងកិច្ចការជនបទចិន បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេសចិនមានការផ្ទុះឡើងនៃវីរុសផ្តាសាយបក្សីប្រភេទ H5N1 នៅកសិដ្ឋានមួយក្នុងទីក្រុង Shaoyang ខេត្ត Hunan ភាគខាងត្បូង ប្រទេសចិន។ ករណីនេះបានកើតឡើងនៅក្នុងកសិដ្ឋានមួយកន្លែង ដែលមានមាន់ចំនួន ៤ ៥០០ក្បាលបានស្លាប់ក្នុងចំណោមមាន់ ៧ ៨៥០ក្បាល ដោយសារជំងឺផ្តាសាយបក្សី។

អាជ្ញាធរបានចាប់សត្វបក្សីចំនួន ១៧ ៨២៨ ក្បាលបន្ទាប់ពីការផ្ទុះវីរុសផ្តាសាយបក្សីនេះ។ មិនមែនតែប្រទេសចិនទេ ដែលព្យាយាមកាត់បន្ថយការរីករាលដាលនៃវីរុសនេះ ដោយកាលពីដើមសប្តាហ៍កន្លងមកនេះ អាជ្ញាធរក្នុងប្រទេសឥណ្ឌាក៏បានចាប់ផ្តើមចាប់មាន់ និងបំផ្លាញពងមាន់ ដែលផ្ទុកវីរុសផ្តាសាយបក្សីផងដែរ។ យោងតាមអ្នកជំនាញអង្គការសហប្រជាជាតិបានឲ្យដឹងថា ការផ្ទុះជំងឺផ្តាសាយបក្សីនៅប្រទេសចិនកាលពីឆ្នាំ ២០១៣កន្លងទៅ បានធ្វើឲ្យខាតបង់សេដ្ឋកិច្ចចិនរហូតដល់ ៦,៥ ពាន់លានដុល្លារ៕ ប្រភព៖ Channelnewsasia